ភ្នំឈ្ងោក មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង មានចម្ងាយប្រមាណ ៤៤ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង តាមផ្លូវជាតិលេខ ៩ ពីខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តព្រះវិហារ ភ្នំនេះស្ថិតនៅខាងស្តាំដៃ ត្រង់បង្គោលថ្មលេខ ៥០៣ មានផ្លូវក្រាលគ្រួសក្រហមបត់ចូលរួចបន្តដំណើររហូតតំបន់ធម្មជាតិដ៏ពិសេសមួយនេះ ។
ភ្នំឈ្ងោកមាន ល្អាងភ្នំជាច្រើន ហ៊ុំព័ទ្ធដោយរុក្ខជាតិតូចធំ ខៀវខ្ចី បង្កើតបានជាសម្រស់ធម្មជាតិពិតៗ ជាមួយខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ ដែលអាចនាំឱ្យអារម្មណ៍ស្រស់ថ្លា ឃ្លាតចាកអស់ទុក្ខកង្វល់ទាំងឡាយ បន្ទាប់ពីការងារដ៏មមាញឹក ។ លើសពីនេះទៅទៀត ភ្នំឈ្ងោក ក៏មានជណ្តើរឈើដ៏ស្រស់ស្អាត សម្រាប់នាំភ្ញៀវទៅដល់ល្អាងថ្ម ដែលមានក្បូក្បាច់តាមបែបធម្មជាតិ ចេញជារូបរាងប្លែកៗ ។
ក្រៅពីនោះ ទេសភាពដ៏ស្រស់បំព្រងភ្នំឈ្ងោកមានលក្ខណៈពិសេស ជាអត្តសញ្ញាណរបស់ខ្លួន ៨ យ៉ាងទាក់ទាញដល់ភ្ញៀវទេសចរឱ្យមកកម្សាន្តលម្ហែកាយ ក្នុងនោះរួមមាន ៖
១.ទេសភាពសមុទ្រឈើបីដំណាក់៖ ដំណាក់ខ្ពស់បំផុតនៅលើកំពូលភ្នំដែលអាចមើលឃើញទេសភាព៣៦០អង្សារ និងភ្នំធំ
២.ជ្រលងភ្ជាប់និស្ស័យ
៣.ល្អាងអូន
៤.ល្អាងបង
៥.ល្អាងទឹកចេញ
៦.ល្អាងសត្វប្រចៀវ
៧.ល្អាងខ្លាកូនក្រមុំ(មាន នាងក្រមុំម្នាក់ថែរក្សាកូនខ្លាក្នុងល្អាងនោះ)
៨.ពពួកសត្វដូចជាប្រចៀវ ស្វា និង៩.ពពួករុក្ខជាតិដូចជា ដើមស្រឡៅ ចន្ទភ្នំ រកា ជ្រៃ ដំបងយក្ស ពោធិ៍ រលួស សំរោង ។
សូមបញ្ជាក់ថាភ្នំឈ្ងោកជាប្រភេទភ្នំថ្មស (កំបោរ) និង ជាកន្លែងទាក់ទាញសម្រាប់អ្នកចូលចិត្តធម្មជាតិ វប្បធម៌ និង ឡើងភ្នំ ដោយមានជនជាតិដើមភាគតិចកួយប្រមាណជាង ៣០០ គ្រួសាររស់នៅក្បែរភ្នំនេះ ហើយចងក្រងជាសហគមន៍មើលថែរក្សា និងការពារធនធានធម្មជាតិនៅតំបន់ភ្នំនេះរួមទាំងភ្នំឱ្យបានគង់វង្ស ៕
ប្រភព៖ Heritages Dairy-បេតិកភណ្ឌប្រចាំថ្ងៃ