លើសពីមិត្តភាព ដឹងថាមានចិត្តឱ្យគ្នា តែខាងប្រុសមិនសារភាព តើគួររង់ចាំ ឬ បញ្ចប់?
ស្រីៗ! ធ្លាប់ទេស្គាល់មនុស្សប្រុសល្អម្នាក់ច្រើនឆ្នាំ រាប់អានគ្នា យល់ចិត្តគ្នា មានអារម្មណ៍ល្អចង់បង្កើតទំនាក់ទំនងស្នេហាជាមួយគ្នា ទាំងដែលដឹងថាគេក៏មានអារម្មណ៍ដូចអ្នក ហើយបង្ហាញអ្នកខ្លះដែរ គ្រាន់តែគេមិនទាន់សារភាព តើក្នុងកាលៈទេសៈនេះគួរធ្វើបែបណា? បើគេមិនសារភាព យូរៗទៅគេអាចអស់ចិត្តឬទេ? តើគួរចាំ ឬ ស្វែងរកទំនាក់ទំនងល្អជាមួយអ្នកដទៃ?
វាជាពេលមួយដែលពិបាកសម្រេចចិត្ត និង ពិបាកយល់បំផុតសម្រាប់យុវវ័យ នៅពេលដែលទំនាក់ទំនងមួយរវាងមនុស្សស្រី និង មនុស្សប្រុស ហាក់លើសពីមិត្តភាព តែមិនទាន់អាចក្លាយជាសង្សារ ឬស្នេហា ។ មានករណីខ្លះ គេក៏ស្រឡាញ់អ្នក ហើយចង់បង្កើតទំនាក់ទំនងស្នេហាជាមួយអ្នកដូចគ្នា ប៉ុន្តែអាចមានអ្វីនៅពីក្រោយខ្នងដែលគេមិនទាន់ហ៊ានសារភាពប្រាប់អ្នក ។ ឧទារណ៍ដូចជា គេចង់ឱ្យខ្លួនឯងមានអនាគតល្អជាមុនដើម្បីមើលថែទាំអ្នកឱ្យបានល្អ ឬ គេកំពុងមមាញឹកនឹងជីវិតខ្លាំងដែលខ្លាចថាពេលមានទំនាកើទំនងផ្លូវការជាមួយអ្នកហើយគេមិនមានពេលគ្រប់គ្រាន់សម្រាប់អ្នក ហើយធ្វើឱ្យអ្នកមិនសប្បាយចិត្ត និយាយឱ្យខ្លីគឺ អាចថាពេលវេលាមិនទាន់សាកសម ។
រឿងល្អដែលអ្នកអាចធ្វើបាននៅពេលនេះ គឺបន្តមិត្តភាពនោះបែបជាធម្មតាតាមដែលអ្នកធ្លាប់ធ្វើ ហើយស្វែងយល់ពីគ្នាឱ្យបានច្រើនជាងមុនក៏អាចជារឿងមួយដែលចំណេញដូចគ្នា ដូចជាពាក្យគេតែងនិយាយថា មិនបាច់ប្រញាប់ទេ យកគុណភាពប្រសើរជាង ឬ យូរ ឬ ឆាប់រៀបការ មិនសំខាន់ សំខាន់រៀបការហើយយល់ចិត្តគ្នាប៉ុណ្ណា ដូច្នោះដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើក្នុងករណីមួយគេបានប្រាប់អ្នកហើយថាគេមានអារម្មណ៍ល្អជាមួយអ្នក តែគេមិនទាន់ចង់ឈានទៅដល់ទំនាក់ទំនងស្នេហា ប៉ុន្តែសុខៗ គេស្រាប់តែធ្វើព្រងើយកន្តើយសោះកក្រោះចំពោះអ្នក នោះអ្នកក៏អាចពិចារណាថាគួរបន្តចាំគេ ឬអត់ដែរ ។
ជារួមអារម្មណ៍ល្អវាអាចកើតឡើង ហើយក៏បាត់ទៅវិញ ហើយអ្វីដែលសំខាន់ ប្រសិនបើហត់នឿយនឹងចាំក៏គួរសម្រាកដែរ ។ យកពេលវេលាមកគិតរឿងល្អៗ ធ្វើអ្វីសម្រាប់ខ្លួនឯងដើម្បីក្តីសុខខ្លួនឯង ល្អជាងរងចាំអ្នកដទៃផ្តល់ក្តីសុខមកឱ្យយើង ។ ម៉្យាងទៀត កុំព្យាយាមដាក់សម្ពាធ ឬ កម្រិតជីវិតខ្លួនឯងឱ្យជាប់នៅមួយកន្លែងដោយសារអ្នកដទៃ គឺជារឿងល្អបំផុត ៕