បុរសម្នាក់ចំណាយពេល ២០ ឆ្នាំ បង្កើតអាណាចក្រលើភ្នំ ស្រស់ស្អាតដូចក្នុងរឿង
បើក្រឡេកមួយភ្លែត ស្មានថាជាទិដ្ឋភាពនៃឈុតឆាកមួយក្នុងរឿងច្នៃប្រឌិតឡើង ប៉ុន្តែនេះគឺជាទិដ្ឋភាពពិតនៃអាណាចក្រច្នៃប្រឌិតមួយលើភ្នំក្នុងប្រទេសចិន ដែលបុរសម្នាក់បានចំណាយពេលរហូត ២០ ឆ្នាំបង្កើតវាឡើង ។
លោក Song Peilun អតីតសាស្ត្រាចារ្យ ដែលក្លាយខ្លួនជាសិប្បករមួយរូប បានបញ្ចប់គម្រោងបង្កើតអាណាចក្រឋានសួគ៌របស់លោក ដោយការប្រើប្រាស់ត្រឹមតែដុំថ្មប៉ុណ្ណោះ ។
បុរសចំណាស់រូបនេះ បានបញ្ចប់អាជីពជាគ្រូបង្រៀនរបស់ខ្លួនក្នុងឆ្នាំ ១៩៩៦ និងបានចំណាយលុយដែលរកបានទៅទិញដីទំហំ ២០ ហិចតាលើតំបន់ភ្នំមួយនៅភូមិ Huaxi ។
លោក Song Peilun បានសិក្សាផ្នែកវប្បធម៌របស់ជនជាតិភាគតិចក្នុងខេត្ត Guizhou អស់រយៈពេលរាប់ឆ្នាំ ដោយក្រោយមកលោកក៏បានធ្វើដំណើរទៅសហរដ្ឋអាមេរិក។ នៅទីនោះ លោកបានមានការចាប់ចិត្តខ្លាំងទៅលើ Crazy Horse ដែលជាបូជនីយដ្ឋាននៅលើភ្នំមួយ ដែលធ្វើឡើងដើម្បីរំឭកដល់កងទ័ពជនជាតិដើមអាមេរិក ដែលនាំចិត្តលោក ឲ្យចង់បង្កើតអ្វីមួយស្រដៀងគ្នានេះនៅក្នុងខេត្ត Guizhou របស់ប្រទេសខ្លួន។
ត្រឡប់មកស្រុកកំណើតខ្លួនវិញ លោកក៏បានសំដៅទៅរកអ្នកលក់ថ្មឥដ្ឋក្នុងតំបន់ និងស្នើសុំពួកគេឲ្យជួយធ្វើឥដ្ឋទាំងនោះ។ លោក Song បានប្រើប្រាស់ជំនាញ និងការស្រាវជ្រាវរបស់ខ្លួន ដើម្បីហ្វឹកហាត់ពួកគេឲ្យក្លាយជាស្ថាបត្យករផ្នែកទេសភាព។ ដោយមានការជ្រោមជ្រែងពីអ្នកភូមិ និងការតាំងចិត្តខិតខំបន្តកសាង ក្រោយចំណាយពេល ២០ ឆ្នាំ ជាលទ្ធផលតំបន់លើភ្នំមួយនេះ បានក្លាយជាអាណាចក្រច្នៃប្រឌិតមួយ ដែលមានសភាពស្រស់ស្អាត ទាក់ទាញប្លែក ដែលមិនធ្លាប់បានឃើញពីមុនមក៕
ប្រភព៖ Dailymail