បាត់ដំបងជាខេត្តមួយដែលសម្បូរទៅដោយ ប្រាសាទបុរាណ និង សំណង់អគារដែលមានវ័យចំណាស់ជាច្រើនដែលនៅស្ទើរគ្រប់ទីកន្លែងទូទាំងខេត្ត ។ ទាំងអស់នេះបន្សល់ទុកពីបុព្វបុរសខ្មែរ និងសម័យអាណានិគមបារាំង ដែលកសាងទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ ។
ជាក់ស្តែងបើយើងក្រឡេកមកមើល វត្តចំណាស់មួយនៅបាត់ដំបង ដែលជាស្គាល់ជាថា វត្តកែវ ដែលកសាងឡើងនៅឆ្នាំ ១៧៧២ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តបាតដំបង ។ កាលពីដើមវត្តនេះ គឺជាកោះមួយដែលមានទឹកព័ទ្ធជុំវិញ គឺខាងលិចជាប់ស្ទឹង ខាងជើងជាប់ស្ទឹង ខាងកើតជាប់អូរ និងខាងត្បូងជាប់អូរ ឬទំនាបវាលស្រែ ។ ទើបគេឱ្យឈ្មោះថា វត្តកោះកែវ ឫ វត្តមុន្នីរតនារាម ក្រោយមកពាក្យនេះបានស្ទួននឹងវត្តដទៃទៀត ក៍បានប្តូរឈ្មោះមកវត្តកែវរហូតមកដល់សព្វថ្ងៃនេះ ។
វត្តកែវមានទីតាំងស្ថិតនៅជាប់មាត់ស្ទឹងសង្កែ ក្នុងភូមិកំពង់សំបួរ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីក្រុងបាត់ដំបង ដោយឆ្លងតាមស្ពានថ្មថ្មី រួចជិះតាមផ្លូវមាត់ស្ទឹង ត្រើយខាងកើតរហូតទៅដល់វត្តកែវ ដែលមានចម្ងាយប្រមាណ ៦.៩៧ គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្តបាត់ដំបង ។
បើយើងក្រឡេកមើលពីខាងក្រៅ គេនឹងឃើញព្រះវិហារចំណាស់មួយ ធ្វើពីឥដ្ឋ និងឈើប្រក់ក្បឿង ។ មានហោជាងធ្វើពីឈើ មានឆ្លាក់ក្បាច់ផ្កាភ្ញីដ៏ល្អឯក លាបពណ៌មាសគួរឱ្យចង់គយគន់ នឹកភ្នកដល់ពីភាពប៉ិនប្រសប់វរបស់ដូនតាខ្មែរជំនាន់មុន ។ ក្រៅពីនោះនៅលើពិដាន ក៏មានបិទក្បាច់ដ៏ឆើតឆាយ និងស្រស់ស្អាតជាទីបំផុត ។
អ្នកទេសចរដែលបានទៅដល់ខេត្តបាត់ដំបង ភាគច្រើនមិនដែលលំលងវត្តបុរាណនេះទេ ពិសេសភ្ញៀវទេសចរអន្តរជាតិ ។ គ្រប់គ្នាដែលបានទៅទស្សនានៅវត្តនេះហើយ តែងពោលសរសើរពីស្នាដៃដ៏អស្ចារ្យ នឹងនឹកសម្រៃពីភាពរីចម្រើនរបស់ព្រះពុទ្ធសាសនាពីអតីតកាល ៕
សូមទស្សនារូបភាពខាងក្រោម៖