ការពិត ៧ យ៉ាងពីសមត្ថភាពអណ្តាត ដែលអ្នកនឹងភ្ញាក់ផ្អើល ពេលបានដឹង
អណ្តាត គឺជាអវយវៈមួយនៃរាងកាយដែលយើងប្រើប្រាស់ច្រើនបំផុតក្នុងជីវិតប្រចាំថ្ងៃ ទាំងការញ៉ាំ ការនិយាយជាដើម ប៉ុន្តែយើងមិនសូវបានចាប់អារម្មណ៍អំពីវានោះទេ ។ ដោយសារតែការមិនចាប់អារម្មណ៍នេះហើយ ទើបយើងមិនបានដឹងថា វាមានលក្ខណៈពិសេសអ្វីខ្លះ ដូច្នេះ ថ្ងៃនេះយើងសូមបង្ហាញលោកអ្នកឱ្យបានដឹងពី ការពិត ៧ យ៉ាងពីសមត្ថភាពពិសេសរបស់អណ្ដាត ៖
១. អណ្តាត គឺជាអវយវៈមួយដែលមិនចេះហត់នឿយ
ក្នុងមួយថ្ងៃ អ្នកបានធ្វើសកម្មភាព ដោយប្រើអណ្តាតមិនចេះឈប់ឈរឡើយ ទាំងលេបទឹកមាត់ ទាំងនិយាយ ទទួលទានអាហារ ប៉ុន្តែមិនដែលមានអារម្មណ៍ថា ហត់អណ្តាតនោះទេ ។ ឧទាហរណ៍ អ្នកអាចទទួលទានអាហារ រហូតទាល់តែតឹងពោះ ប៉ុន្តែអណ្តាតអ្នកមិនហត់ក្នុងការញុំាឡើយ ។
២. ក្រឡាអណ្តាតមនុស្សម្នាក់ៗមានលក្ខណៈខុសគ្នាទាំងអស់
អណ្តាតក៏មានក្រឡារបស់វា ដូចជាម្រាមដៃដែលអាចសម្គាល់អត្តសញ្ញាណរបស់មនុស្សម្នាក់ៗ ប៉ុន្តែគ្រាន់តែយើងមិនបានចាប់អារម្មណ៍ប៉ុណ្ណោះ ។
៣. មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចព័ទ្ធអណ្តាតទេ
អ្នកវិទ្យាសាស្រ្ត នៅតែកំពុងស្រាវជ្រាវអំពីមូលហេតុ ដែលមានមនុស្សតិចណាស់ដែលអាចព័ទ្ធអណ្តាតរបស់ខ្លួនឱ្យចេញជារៀងអក្សរ U បាន ។
៤. អណ្តាតពាក់ព័ន្ធជាមួយការគេង និង ស្រមុខ
ដូចដែលបាននិយាយពីខាងលើរួចមកហើយថា អណ្តាតមិនចេះហត់នឿយឡើយ ទោះបីជាវាត្រូវធ្វើចលនាឥតឈប់ឈរក៏ដោយ ។ ក្រៅពីនោះ អណ្តាតក៏អាចជួយស្តុកជាតិខ្លាញ់សម្រាប់មនុស្សធាត់ ក៏ដូចជាមានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយបញ្ហាគេងមិនលក់ ឬ គេងស្រមុខ ។
៥. អណ្តាតកំណត់ព្រំដែនទទួលរសជាតិដាច់ពីគ្នា
ត្រូវដឹងថាមិនមែនអណ្តាតយើងទាំងមូលទេ ដែលអាចដឹងជាតិប្រៃ ផ្អែម លី្វង ជូរចត់ ។ ការពិតទៅ អណ្តាតទាំងមូលបានបែងចែកផ្នែកគ្នាច្បាស់លាស់ណាស់ ដូចជាជាតិផ្អែមនៅចុងអណ្តាត ចំណែកឯចត់នៅគល់អណ្តាត ។
៦. អណ្តាតតែមួយមុខមិនអាចដឹងពីរសជាតិទេ
អណ្តាត សហការគ្នាយ៉ាងស្អិតរមួតជាមួយច្រមុះ ដើម្បីដឹងពីរសជាតិចំណីអាហារដែលយើងបរិភោគ ។ ឧទាហរណ៍ ដូចជានៅពេលដែលយើងញុំាស្ករគ្រាប់ អណ្តាតអាចដឹងថាមានរសជាតិផ្អែម ប៉ុន្តែវាមិនបានដឹងទេថា ស្ករគ្រាប់នោះមានរសជាតិសូកូឡា ឬ ទឹកដោះគោ ។
៧. អណ្ដាតជាផ្នែកមួយនៃរាងកាយដែលឆាប់សះស្បើយពីរបួសជាងគេ
តើអ្នកធ្លាប់ខាំអណ្តាតខ្លួនឯងដែរទេ? ចម្លើយ គឺប្រហែលជាញឹកញាប់ណាស់ហើយសម្រាប់មនុស្សម្នាក់ៗ ។ តាមពិតទៅ យើងគួរតែអរគុណចំពោះស្រទាប់ម្យ៉ាងរបស់អណ្តាត ដែលអាចធ្វើឱ្យអណ្តាតរបស់យើងមិនឈឺចុកចាប់រយៈពេលយូរ ៕
ប្រភព៖ Kenh14