មុនក្លាយជាអនុរដ្ឋលេធិការទាំងវ័យក្មេង យុវតី សេរី បូរាពេជ្រ បញ្ចប់ការសិក្សាពីសាលាល្បីៗបំផុត
កញ្ញាសេរី បូរាពេជ្រ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាលោកជំទាវ មានមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ។ ក្រោយចេញព្រះរាជក្រឹត្យពីព្រះមហាក្សត្រ យុវតី សេរី បូរាពេជ្រ បានក្លាយជាជំទាវក្នុងជួររដ្ឋាភិបាលវ័យក្មេងបំផុត ក្នុងយុគសម័យ ២០២០ ស្របពេលដែលប្រទេសជាតិកំពុងមានការរីកចម្រើន និងត្រូវការធនធានជាអ្នកដឹកនាំវ័យពោរពេញដោយសមត្ថភាព ។
បើនិយាយអំពីប្រវត្តិសិក្សាត្រួសៗរបស់លោកជំទាវ សេរី បូរា ពេជ្រ គឺជានិស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថាន CamEd Business School នៅរាជធានីភ្នំពេញដែលជាសាលាលំដាប់លេខ ១ ជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ។ ជាវិទ្យាស្ថានដែលផ្ដល់មូលដ្ឋានគ្រឹះចម្បងទៅលើផ្នែក Audit Firm នៅក្នុងប្រទេសកម្ពុជា។ និស្សិតដែលសិក្សានៅទីនោះទាមទារឱ្យមានសមត្ថភាពខ្ពស់ ភាគច្រើនផ្ដើមពីសិស្សឆ្នើមៗ និងត្រូវចេះច្បាស់លើភាសាអង់គ្លេស ។ ចំណែកឯថ្លៃសិក្សាវិញក្នុងមួយឆ្នាំៗមិនក្រោមពាន់ដុល្លារឡើយ។
អនុរដ្ឋលេខាធិការវ័យក្មេងរូបនេះក៏បានបន្តការសិក្សានៅឯសាកលវិទ្យាល័យ Greenwich នៃចក្រភពអង់គ្លេស ជាសកលវិទ្យាល័យដ៏ល្បីល្បាញលំដាប់ពិភពលោក ។ Greenwich ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈគុណភាពនៃការបង្រៀន ការស្រាវជ្រាវកម្រិតខ្ពស់ និងជាសាកលវិទ្យាល័យមួយមានរចនាបថដ៏ស្រស់ស្អាតស្ថិតនៅភាគអាគ្នេយ៍នៃចក្រភពអង់គ្លេស ។ និស្សិតនៃសាកលវិទ្យាល័យមួយនេះ ប្រមូលផ្ដុំដោយនិស្សិតឆ្នើម ត្រូវឆ្លងកាត់ការសិក្សាយ៉ាងសម្រិតសម្រាំង ទាមទារឱ្យមានការស្រាវជ្រាវខ្ពស់បំផុត ។
ក្រៅពីបញ្ចប់ការសិក្សាទាំងពីរសាលានេះ លោកជំទាវ សេរី បូរាពេជ្រ ក៏ជាយុវជនដ៏ឆ្នើមក្នុងសង្គម មានបទពិសោធន៍យ៉ាងក្រាស់ក្រែល ធ្លាប់ចូលរួមក្នុងកម្មវិធីធំៗលំដាប់ជាតិ អន្តរជាតិ និងធ្លាប់ផ្លាស់ពិសោធន៍សិក្សានៅបណ្ដាប្រទេសមួយចំនួនដូចជានៅកូរ៉េជាដើម ។ ដោយសារតែមានសមត្ថភាព និងពូកែបែបនេះហើយ ទើបយុវតីរូបនេះទទួលបានឱកាសដ៏ពិសេសក្លាយជាថ្នាក់ដឹកនាំមួយនៅក្នុងជួររដ្ឋាភិបាលកម្ពុជា ៕