ការធ្វើដំណើរកម្សាន្តទៅតាមតំបន់នានា ដើម្បីផ្តិតយករូបភាពប្លែកៗ កំពុងជាទីពេញនិយមយ៉ាងខ្លាំងសម្រាប់យុវវ័យ ។ ជាមួយគ្នានោះ តំបន់ថ្មីៗក៏ត្រូវបានរកឃើញជាបន្តបន្ទាប់ គួបផ្សំនឹងកន្លែងកម្សាន្តបែបកែច្នៃថ្មីៗរបស់ប្រជាពលរដ្ឋខ្មែរនៅតាមភូមិស្រុក ផងដែរ ។
ជាក់ស្តែង សួនផ្កាថ្មីមួយកន្លែងរបស់ប្រជាជននៅក្នុងខេត្តបាត់ដំបងបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកលេងនៅលើបណ្តាញទំនាក់ទំនងសង្គមជាខ្លាំង ដោយភាពច្នៃប្រឌិត ជាមួយនឹងតម្លៃសមរម្យជាទីបំផុត ។
សួនផ្កានេះមានឈ្មោះថា សួនសុខនីឆារចនាថែ ដែលមានទីតាំងនៅ ហួសវត្តតាមិម ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ សម្រាប់តម្លៃចូលទស្សនា ក៏ដូចជាថតរូបលេងកម្សាន្តមាតម្លៃត្រឹមតែ ២០០០រៀលប៉ុណ្ណោះ ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺប្រសិន បើចង់ស្លៀកសម្លៀកបំពាក់ប្រពៃណីគឺថែមតែ ៥០០០រៀល ប៉ុណ្ណោះ ។
សម្រាប់ទេសភាពវិញ គឺអ្នកចូលទៅទស្សនាអាចថតរូប ជាមួយនឹងសម្ភារៈកែច្នៃជារូបភាពផ្សេងៗ លាយឡំដោយធម្មជាតិ ស្មៅខៀវខ្ចី និងផ្កាចម្រុះពណ៌ច្រើនប្រភេទ ៕
រូបភាព៖ Seavmey Sam