យកម្ហូបដែលម្តាយធ្វើមុនស្លាប់ ទុកទូរទឹកកក ៥ ឆ្នាំ ពេលបើកឡើងវិញយំឡើងខ្សោះខ្លួន
ការស្រឡាញ់រវាងម្តាយចំពោះកូនគឺជាការស្រឡាញ់ដែលគ្មានលក្ខខណ្ឌ ហើយមិនមានអ្វីអាចប្រៀបផ្ទឹមបាននោះឡើយ ។ រាល់សកម្មភាពទាំងអស់ដែលគាត់បានធ្វើចំពោះយើងវានឹងក្លាយជាការចង់ចាំមួយដ៏ល្អបំផុតនៅពេលដែលយើងធំលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ សូម្បីតែរសជាតិម្ហូបដែលម៉ែធ្វើក៏កូនៗ មិនអាចបំភ្លេចបានឡើយ ។
ជាក់ស្តែងយុវតីជនជាតិជប៉ុនមួយរូបឈ្មោះ Takaya Reiki បានទុកម្ហូបចុងក្រោយដែលម្តាយខ្លួនបានធ្វើឱ្យមុនពេលដែលគាត់បាត់បង់ជីវិត នៅក្នុងទូរឹកកកអស់រយៈពេល ៥ ឆ្នាំ ដោយភ័យខ្លាចថាខ្លួនលែងបានស្គាល់រសជាតិម្ហូបរបស់ម្តាយខ្លួនទៀត ។
ថ្ងៃមួយ Reiki និង ឪពុករបស់នាងបានចូលរួមកម្មវិធីមួយដែលមានឈ្មោះថា Detective ហើយក៏បានបង្ហាញ ខសាច់ជ្រូកកកនោះទៅកាន់កម្មវិធី ។ នាងបានឱ្យដឹងថា នៅថ្ងៃដែលម្តាយនាងស្លាប់ គឺគាត់បានចម្អិនម្ហូបដូចរាល់ដល់សម្រាប់នាង និង ឪពុករបស់នាង ប៉ុន្តែពេលនាងត្រឡប់មកផ្ទះវិញ បែរជាឃើញគាត់ដួលសន្លប់បាត់ស្មារតីទៅហើយ ។ ជាអកុសលម្តាយនាងបានបាត់បង់ជីវិតបាត់ទៅហើយមុនពេលដល់មន្ទីរពេទ្យសង្រ្គោះបន្ទាន់ ។ នាង និង ឪពុកនាងពិតជាមានទុក្ខសោកជាខ្លាំង ហើយសម្រេចចិត្តទុកម្ហូបចុងក្រោយនោះដើម្បីជាការចង់ចាំ ជាពិសេសគឺពួកគេពិតជាមិនអាចបំភ្លេចរសជាតិម្ហូបរបស់គាត់ឡើយ ។
យ៉ាងណាមិញ នៅក្នុងកម្មវិធី ចុងភៅ និង អ្នកជំនាញឯកទេសបានព្យាយាមបន្លែងម្ហូបនោះដើម្បីឱ្យអាចញ៉ាំបានឡើយវិញ ដោយដាក់កម្តៅពិសេសក្នុងសីតុណ្ហភាពលើសពី១០០អង្សារ និង បន្ថែមបន្លែខ្លះដើម្បីឱ្យរក្សារសជាតិ ។
ជាចុងក្រោយ ទាំងReiki និង ឪពុករបស់នាង បានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនជាមួយអារម្មណ៍រំភើបជាទីបំផុតដែលពួកគេបានហូបម្ហូបរសជាតិម្តាយ និង ភរិយារបស់ខ្លួនម្តងទៀត អស់រយៈពេល៥ឆ្នាំមកហើយ ។ នាងថា៖ «វាពិតជាឆ្ងាញ់ខ្លាំងណាស់ វាពិតជាមានរសជាតិដូចដែលម៉ាក់ធ្លាប់បានចម្អិន» ៕
ប្រភព៖ World of Buzz