សូមប្អូនៗកុំភ្លេចត្រចៀក ពិសេសអ្នកទី ៩ និង ១២ ពេលបើកសាលាវិញក្រសួងធ្វើតេស្ត ប្រយ័ត្នម៉េមម៉ាម
រហូតមកដល់ពេលនេះក្រសួងអប់រំ យុវជន និងកីឡា នៅតែមិនទាន់បើកដំណើរការសាលារៀនឡើងវិញនោះទេ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរសុកូវីដ ១៩ ។ បើតាមប្រសាសន៍របស់បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក្រសួងនឹងពកិចារណាបើកសាលាវិញរហូតដល់ថ្ងៃទី ១ ខែវិច្ឆិកា ឯណោះ ។
នៅក្នុងអំឡុងពេលដែលសាលាមិនទាន់បើកក្រសួងអប់រំ បានបង្កើតឱ្យមានកម្មវិធីសិក្សាពីចម្ងាយ ឬ តាមប្រព័ន្ធអនឡាញ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សកម្រិតមូលដ្ឋាននៅតែបន្តការសិក្សា និងនៅផ្ទះដើម្បីសុវត្ថិភាព ។ យ៉ាងណាក្ដីដោយសារការសិក្សានៅផ្ទះមិនមានគ្រូតាមដាន មិនត្រូវការវត្តមានដូចនៅសាលា ធ្វើឱ្យសិស្សខ្លះមានសេរីភាពពេញទីតែម្ដង ប្រសិនបើពួកគេមិនយកចិត្តទុកដាក់លើការសិក្សា ។
បច្ចុប្បន្នក្រសួងបានធ្វើការផ្សព្វផ្សាយការបង្រៀនតាមអនឡាញ តាមរយៈបណ្ដាញផ្សព្វផ្សាយធំៗមួយចំនួនដូចជា៖
១. វេទិកាឌីជីថលផ្លូវការរបស់ក្រសួងអប់រំ ៖
ក. YouTube របស់ក្រសួង ៖ www.youtube.com/moeys តាមពេលវេលាសមស្រប
ខ. Facebook របស់ក្រសួង ៖ www.facebook.com/moeys.gov.kh ពេលព្រឹក សម្រាប់ថ្នាក់បឋមសិក្សា និងពេលរសៀលសម្រាប់ថ្នាក់មធ្យមសិក្សា
គ. E-Learning Center របស់ក្រសួង៖ www.elearning.moeys.gov.kh ជ្រើសរើសមេរៀនដែលត្រូវសិក្សា តាមថ្នាក់រៀងៗខ្លួន
ឃ. គេហទំព័រគ្រូរបស់ក្រសួង៖ www.krou.moeys.gov.kh/kh/ សម្រាប់ទទួលឯកសារមេរៀនបន្ថែម
២. តាមប្រព័ន្ធទូរទស្សន៍ ៖
ក. ទូរទស្សន៍ជាតិកម្ពុជាទី២ ឬ TVK2 ដែលជាកាណាល់ទូរទស្សន៍ទើបតែបង្កើតថ្មី សម្រាប់បម្រើដល់ការផ្សព្វផ្សាយស្តីពីការអប់រំ
ខ. ទូរទស្សន៍ផ្កាយរណបតេជោឌីធីវី Decho DTV កាណាល់លេខ២២
គ. ទូរទស្សន៍ខ្សែកាបនៅទូទាំង២៥រាជធានី-ខេត្ត ដែលមានចំនួនជិត៧០កាណាល់ថ្មី
៣. App របស់ក្រសួងព័ត៌មាន ដែលមានវីដេអូនៃការបង្រៀន តាមថ្នាក់ មុខវិជ្ជា និងមេរៀន តាមតម្រូវការ
៤. កិច្ចសហការជាមួយ App នៃ E-School Cambodia ដោយប្អូនៗអាចប្រើប្រាស់ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២០នេះ
៥. ទូរទស្សន៍អនឡាញ Wiki TV៖ http://download.wikitv.asia