មានលុយ ២០០ ឬ ៣០០ ដុល្លារ មិនដឹងរកស៊ីអី អាចរករបរមួយនេះ ចំណេញកប់
ដោយសារតែធ្លាប់មានបទពិសោធន៍ក្នុងជីវិតជាអ្នកប្រកបរបរលក់ពងទាកូនឆ្លងកាត់ការលំបាកតាំងពីជួលកន្លែងគេលក់នៅតាមចិញ្ចើមផ្លូវ ហើយគេឈប់ជួលឱ្យរហូតដល់មានផ្ទះផ្ទាល់ខ្លួនសម្រាប់លក់នោះ ម្ចាស់ហាង «អានីពងទាកូន» បានបង្ហើបឱ្យដឹងថា ចំពោះអ្នកដែលមានដើមទុនត្រឹម ២០០ ទៅ ៣០០ ដុល្លារអាចចាប់របរលក់ពងទាកូនបាន ឱ្យតែគេមានចិត្តចង់យ៉ាងពិតប្រាកដ ។
ស្ត្រីម្ចាស់ហាងអានីពងទាកូន ដែលមានឈ្មោះ សួរ វួចនី អាយុ ៤៩ ឆ្នាំបានរៀបរាប់ថា៖ ពងទាកូន គឺជាចំណីអាហារសម្រន់មួយបែប ដែលប្រជាជនខ្មែរនិយមទទួលទាន ជាពិសេសគឺពេលល្ងាច និង ក្បាលព្រលប់ ដោយវាមានប្រយោជន៍នៅក្នុងការប៉ូវកម្លាំងផង ហើយក៏ជាអាហារដ៏ឆ្ងាញ់ពិសា និង ដ៏ពេញនិយមមួយ ។ ហេតុដូចនេះ គេអាចចាប់យករបរលក់ពងទាកូន ដោយគ្រាន់តែចំណាយដើមទុនបន្តិចបន្តួច សំខាន់គឺឱ្យតែមានកន្លែងច្បាស់លាស់សម្រាប់លក់ និងចេះធ្វើជ្រក់ខ្ទឹមសម្រាប់ជ្រលក់ពងទាកូនឱ្យមានរសជាតិឆ្ងាញ់ត្រូវទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន ។ ពងទាកូនស្ងោរ ដែលខ្ញុំលក់រាល់ថ្ងៃនេះគឺមួយគ្រាប់មានតម្លៃ ២០០០រៀល ។
ដើម្បីធ្វើឱ្យអតិថិជនចាប់អារម្មណ៍ចូលចិត្តពិសារពងទាកូន ចាំបាច់ត្រូវយល់ដឹងពីកត្តារួមផ្សំមួយចំនួនក្នុងនោះ សំខាន់ត្រូវតែធ្វើឱ្យឆ្ងាញ់មានអនាម័យ ព្រមទាំងអ្នកលក់ត្រូវមានភាពរួសរាយរាក់ទាក់ដាក់ភ្ញៀវ ។ ការទិញពងទាកូនសម្រាប់យកមកលក់មិនមែនចេះតែ ទិញឱ្យតែបានឡើយ សំខាន់ត្រូវជ្រើសរើសយកតែពងទាកូនខ្មែរ ដែលធំ នាំមកពីខាងស្រែននោង ខេត្តតាកែវ ព្រោះវាមានរសជាតិឆ្ងាញ់ ។
ពងទាកូនធំ ក៏មិនប្រាកដថា វាឆ្ងាញ់ដែរគឺទាល់តែទឹកជ្រលក់ពិសេសខ្ទឹមជ្រក់សម្រាប់ពិសារជាមួយពងទាមានរសជាតិធ្វើឱ្យចាប់មាត់ជក់ចិត្តឆ្ងាញ់ជាប់ចិត្ត ទើបអតិថិជនមកពិសាម្តងហើយមកហូបជាបន្តបន្ទាប់ទៀត ។ ពងទាត្រូវស្ងោរឱ្យបានឆ្អិនល្អជៀសវាងនៅឆៅធ្វើឱ្យអតិថិជនខ្លាចមិនហ៊ានហូប ហើយក៏មិនហ៊ានមកហូបនៅកន្លែងយើងទៀតដែរ ។
ពេលវេលា ដែលលក់ដាច់សម្រាប់អ្នកលក់ពងទាកូនគឺចាប់ពីពេលរសៀលរហូតដល់ម៉ោង ៧ ទៅ ៨យប់ ដូច្នេះត្រូវទិញក្រូចឆ្មា,ជីសម្រាប់ភ្ញៀវហូបជាមួយពងទាកូនទុកតាំងពីព្រឹកឱ្យហើយ, អំបិលម្រេចបុកត្រៀមទុក និង ពិសេសជ្រក់ខ្ទឹម ដែលជាចំណុចពិសេសក្នុងការបន្ថែមរសជាតិដល់ពងទាកូន ក៏ត្រូវធ្វើទុកឱ្យបានច្រើន ព្រោះបើឆ្ងាញ់ខ្លាំងអាចមានភ្ញៀវកុម្មង់ទិញខ្ទឹមជ្រក់របស់យើងទៀតផង ។
សម្រាប់អ្នកលក់ដំបូងគឺត្រូវចេះប៉ាន់ស្មាន ដោយដាក់ស្ងោរពងទាកូនក្នុងចំនួនល្មមដើម្បីកុំឱ្យសល់ច្រើន ពេលភ្ញៀវមិនទាន់ដឹង និង ស្គាល់កន្លែងយើង បើឃើញមានភ្ញៀវច្រើនក៏បន្ថែមទៅតាមនោះទៀត ។ មុខរបរលក់ពងទាកូននេះ សំខាន់គឺអាស្រ័យលើអតិថិជន បើទទួលបានការចាប់អារម្មណ៍គាំទ្រច្រើនហើយគឺឈានទៅរកភាពជោគជ័យក្នុងរបរនោះហើយ ៕