អ្នកបើកបរម៉ូតូគួរប្រុងប្រយ័ត្ននូវចំណុចទាំង៧នេះ ដើម្បីកុំឱ្យសមត្ថកិច្ចហៅផាកពិន័យ
ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ស្អែកនេះតទៅ សមត្ថកិច្ចនឹងធ្វើការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលជាក្តីកង្វល់មួយរបស់ប្រជាពលរដ្ឋទូទៅ ដែលធ្វើដំណើរ ឬ បញ្ជាយានយន្តនៅលើដងផ្លូវ ។
ដើម្បីចៀងផុតពីការឃាត់ ឬ ហៅរបស់សមត្ថកិច្ច ដែលឈរចាំត្រួតពិនិត្យសុវត្ថិភាព ឬ ច្បាប់ចរាចរណ៍នៅលើដងផ្លូវនោះ អ្នកបើកបរ ឬ អ្នកបញ្ជាយានយន្តត្រូវតែមានការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនផង និង សុវត្ថិភាពអ្នកដទៃផង ។
ប្រតិបត្តិការរិតបន្តឹងច្បាប់ចរាចរណ៍នេះ សម្រាប់ អ្នកបញ្ជាទោចក្រយានយន្ត ( ម៉ូតូ )គឺសមត្ថកិច្ចនឹងធ្វើការឃាត់ និង ផាកពិន័យទៅលើបទល្មើសចំនួន ៧ចំណុច ដែលអ្នកបញ្ជាទោចក្រយានយន្តគួរតែដឹង ។
បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន ស្ដីពី «វិធានការណ៍រឹតបន្ដឹងច្បាប់ចរាចរណ៍ ដែលចាប់ផ្តើមថ្ងៃទី១ ខែឧសភា» នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការរិតបន្តឹងច្បាប់ចរាចរណ៍ថ្មីនេះ គឺសមត្ថកិច្ចនឹងធ្វើការផាកពិន័យ ទៅលើបទល្មើសអ្នកជិះម៉ូតូចំនួន ៧ចំណុចរួមមាន ៖
១-ជិះម៉ូតូមិនមានកញ្ចក់ និង មិនពាក់មួកសុវត្ថិភាព
២-បើកបរក្នុងស្ថានភាពស្រវឹង
៣-មិនគោរពភ្លើងសញ្ញាចរាចរណ៍
៤-បើក វ៉ា បត់ ជែង
៥-ដឹកលើសចំណុះ
៦-គ្មានស្លាកលេខ
៧-ប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ ដោយមិនមានឧបករណ៍ភ្ជាប់សំឡេងដាក់នៅត្រចៀក៕