ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយប្លន់ម៉ូតូស្រ្តីម្នាក់បានត្រឹម ៩ ម៉ោង
ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីប្លន់ម៉ូតូពីស្រ្តីម្នាក់បានត្រឹមរយៈ ៩ ម៉ោងប៉ុណ្ណោះ ។
ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះឈ្មោះ ជិន អេលីយ៉ា ភេទប្រុស អាយុ២៨ ឆ្នាំស្នាក់នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះ មានឈ្មោះ លៀន វ៉ាន់រ៉ា អាយុ ៣២ ឆ្នាំ ស្នាក់នៅភូមិសន្សំកុសល៦ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រឿងហេតុគឺនៅវេលាម៉ោង ១១ យប់ ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២០ ស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HV 9157 និង មានភ្ជាប់ប្រព័ន្ធ GPS ចេញពីផ្ទះបំណងទៅឌុបប្តីរបស់ខ្លួន នៅឯផ្ទះម្តាយមីង ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះខ្លួននោះទេ លុះទៅដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកបានស្ទាក់ពីមុខម៉ូតូគាត់ ហើយនិយាយគំរាមឱ្យចុះពីម៉ូតូ ពេលនោះគាត់ មិនព្រមចុះឡើយ ភ្លាមៗនោះជនល្មើសម្នាក់ ក្នុងចំណោមគ្នាវា បានវាយគាត់មួយដៃ ចំគល់ដោះខាងស្តាំ ដោយភ័យខ្លាំងពេក ខ្លាចវាវាយចំពោះ ព្រោះមានផ្ទៃពោះពីរខែផង ក៏ចុះពីម៉ូតូ ប្រគល់ឱ្យពួកវាតាមសម្រួលសុំតែរួចខ្លួន ។
រហូតដល់ម៉ោង ៩ ព្រឹកថ្ងៃទី ៦ ខែមេសានេះ ដោយពួកជនល្មើស មិនទាន់បានផ្តាច់ GPS ពីម៉ូតូទើបជនរងគ្រោះបានប្តឹងសមត្ថកិច្ច ចុះទៅព័ទ្ធចាប់ជនសង្ស័យបានម្នាក់ និង យកម៉ូតូជនរងគ្រោះមកវិញ ឯជនល្មើសម្នាក់ទៀត គេចខ្លួនបាត់ស្រមោល ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ នាំទៅសាកសួររកបក្ខពួក និងចាត់ការតាមនីតិវិធីច្បាប់ ៕