សមត្ថកិច្ចបង្រ្កាបទីតាំងស្តុកមេតាណុលរាប់ម៉ឺនលីត្រ ដែលស្ដុកទុកផលិតអាល់កុលលក់លើទីផ្សារ
សមត្ថកិច្ចចម្រុះ១ក្រុមបានធ្វើការស្រាវជ្រាវរកឃើញ និង ឈានដល់ការចុះទៅបង្រ្កាប ទីតាំងស្តុកមេតាណុលចំនួនរាប់ម៉ឺនលីត្រដើម្បីផលិតអាល់កុលចំនួន២ទីតាំង កាលពីវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ២ ខែមេសា ឆ្នាំ២០២០ ។
អ្នកនាំចូលសារធាតុនេះ ដោយខុសច្បាប់នោះគឺជាជនជាតិចិន ដែលបានរត់គេចខ្លួនមុនពេល ដែលកម្លាំងសមត្ថកិច្ចចម្រុះខាងលើចុះទៅដល់ ។
ទីតាំងទី១ ដែលសមត្ថកិច្ចចុះទៅបង្រ្កាបនោះ ស្ថិតនៅផ្ទះលេខ ២ ផ្លូវលេខ ១A បុរីពិភពថ្មី៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និង ទីតាំងទី២ ស្ថិតនៅផ្ទះលេខ១៨៨ ផ្លូវលេខ១៣A ក្នុងបុរីពិភពថ្មី៣ ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឱ្យដឹងថា នៅទីតាំងទី១ ខាងរាជធានីភ្នំពេញ ដកហូតបានមេតាណុលមិនទាន់ប្រើប្រាស់ចំនួន ១០២ ធុង និង មេតាណុលប្រើប្រាស់រួចរាល់ចំនួន ៨១ ធុង ដែលក្នុង ១ ធុងៗមានចំណុះ ២០០ លីត្រ និង អាល់កុលប្រហែល ១០០ កាន ដែលក្នុង ១ កានៗចំណុះ ៦០ លីត្រ ។
ចំណែកទីតាំងទី២ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល រកឃើញមេតាណុលចំនួន ៦៩ ធុង ដែលក្នុង ១ ធុងៗចំណុះ ២០០ លីត្រ និង ប៊ីដុងចំណុះ ៣០ លីត្រចំនួន ២០០ ប៊ីដុង ។
សមត្ថកិច្ច ជំនាញបានធ្វើការពិសោធន៍ ជាលទ្ធផលរកឃើញថា សារធាតុទឹកមេតាណុល និង អាល់កុលផលិតរួចនេះ អាចធ្វើឱ្យមានការប៉ះពាល់ទៅដល់សុខភាព អ្នកប្រើប្រាស់យ៉ាងខ្លាំង ។
ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចរឹបអូសយកសម្ភារៈ និងសារធាតុមេតាណុល ទាំងអស់នោះ ប្រគល់ជូននាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម ដើម្បីរក្សាទុក និង គ្រប់គ្រងបន្ត និង បិទទីតាំងទាំង២នេះ ព្រមទាំងបន្តធ្វើការស្រាវជ្រាវស្វែងរកឃាត់ខ្លួនថៅកែជនជាតិចិន ដែលកំពុងរត់គេចខ្លួននោះហើយ ៕