អស្ចារ្យណាស់! ទន្លេមេគង្គ គឺជាជម្រករបស់ត្រីយក្សជាច្រើនប្រភេទ
អង្គការ Wonders of the Mekong បានចេញផ្សាយព័ត៌មាននៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២០ នេះថា ទន្លេមេគង្គ គឺជាទន្លេមួយ ដែលហូរឆ្លងកាត់ចំនួន ៦ប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាជម្រករបស់ត្រីយក្សជាច្រើនប្រភេទ ដែលមានច្រើនជាងទន្លេនានានៅក្នុងពិភពលោក ។
នៅទន្លេមេគង្គ អ្នកនឹងអាចឃើញមានត្រីធំៗ ដូចជា ត្រីគល់រាំង ដែលជាប្រភេទត្រីមានស្រកាធំជាងគេលើពិភពលោក ត្រីបបែលយក្ស ជាសត្វដ៏អាថ៌កំបាំង ដែលទើបតែត្រូវបានពិពណ៌នាដោយវិទ្យាសាស្ត្រ រួមជាមួយនឹងកំណត់ត្រារបស់ពិភពលោក នាពេលបច្ចុប្បន្ន គឺប្រភេទត្រីទឹកសាបទំហំដ៏មហិមា ដែលរស់នៅតែក្នុងតំបន់ទឹកសាប ត្រីរាជ មានទម្ងន់រហូតដល់ ២៩៣ គីឡូក្រាម។ ទន្លេមេគង្គបង្ហាញសម្រស់ និង ជីវិត ប្រៀបបានទៅនឹង «មាតាគង្គា» ។
ទន្លេមេគង្គ មានត្រីចំនួន ១ ០០០ ប្រភេទត្រូវបានគេរកឃើញនៅទូទាំងអាងទន្លេមេគង្គ ហើយក៏នៅមានត្រីជាច្រើនប្រភេទទៀត មិនទាន់ត្រូវបានរុករកនៅឡើយ ។ វាប្រហែលជាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលប្រព័ន្ធទន្លេមេគង្គ ជាជម្រកនៃជលផលទឹកសាបដ៏ធំជាងគេនៅលើពិភពលោក និង គាំទ្រដល់ការចិញ្ចឹមជីវិតរបស់ប្រជាជនជាង ៦០ លាននាក់ ដែលរស់នៅក្នុងតំបន់ ។ ជីវិត និង វប្បធម៌ក្នុងទន្លេមេគង្គ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិទៅនឹងវដ្តធម្មជាតិរបស់ទន្លេ ៕