ក្ដៅៗ វីរុសកូរ៉ូណា បានរាលដាលទៅដល់ប្រទេសស្រីលង្កាហើយនៅថ្ងៃនេះ ទោះបីព្យាយាមបិទជើងហោះហើរមុន
តាមការចុះផ្សាយពីសារព័ត៌មាន Nikkei Asian Review បានឱ្យដឹងថា វីរុសកូរ៉ូណាថ្មី ដែលមានដើមកំណើតនៅទីក្រុងវ៉ូហាន ប្រទេសចិន ត្រូវបានគេបញ្ជាក់ថា បានឆ្លងរាលដាលដល់ប្រទេសស្រីលង្កាហើយនៅពីថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ ២០២០នេះ ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរផ្នែកសុខាភិបាលនៅប្រទេសមួយនេះ អំពីករណីដំបូងបំផុតនៅប្រទេសរបស់ខ្លួន ។
ការិយាល័យលើកកម្ពស់សុខភាពរបស់ប្រទេសស្រីលង្កាបានប្រកាសនៅក្នុងទំព័រហ្វេសប៊ុកថា“ ក្រសួងសុខាភិបាលកំពុងចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីគ្រប់គ្រងស្ថានការណ៍” ។
នៅពេលនេះដែរប្រទេសស្រីលង្កាបានដាក់ការតាមដានយ៉ាងបន្ទាន់ ឃ្លាំមើលការឆ្លង និងការពារការរាលដាលបន្ថែមទៀត ។
សូមបញ្ជាក់ថា អាជ្ញាធរប្រទេសស្រីលង្កាបានបិទជើងហោះហើរពីប្រទេសចិន តាំងពីមិនទាន់មានករណីជំងឺផ្លូវដង្ហើមថ្មីនេះទៅដល់ម្ល៉េះ ប៉ុន្តែទោះជាយ៉ាងនេះក្ដីឥឡូវនេះករណីដំបូងត្រូវបានរកឃើញហើយ តែមិនបានបញ្ចាក់ថាកើតឡើងទៅជនជាតិអ្វីនោះទេ ៕