ក្រសួងសុខាភិបាល បញ្ជាក់ពីហេតុផលច្បាស់ៗ មូលហេតុដែលកម្ពុជាមិនបិទជើងហោះហើរពីប្រទេសចិន
ប្រទេសកម្ពុជាមិនមានគោលការណ៍នៅក្នុងការបិទជើងហើរពីប្រទេសចិននោះទេ បើទោះបីជាពេលនេះរកឃើញករណីជំងឺផ្លូវដង្ហើមដំបូងបំផុតលើជនជាតិចិនមួយរូបយ៉ាងណាក៏ដោយ ។ ការបន្តឱ្យដំណើរការជាធម្មតានៃជើងហោះហើរពីសាធារណរដ្ឋប្រជាមានិតចិនឆ្ពោះមកកម្ពុជានេះ ក៏បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើនបង្ហាញភាពងឿងឆ្ងល់ ថាហេតុអ្វីបានជារាជរដ្ឋាភិបាលមិនបិទជើងហោះហើរពីប្រទេសនៃប្រភពរីរុសកូរ៉ូណានេះ ។
ពាក់ព័ន្ធនឹងសំណួរនេះ លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ នេះដោយបានអះអាងថាកម្ពុជាមិនអាចផ្អាក ឬបិទជើងហោះហើរពីប្រទេសចិនបាននោះទេ ។ ការមិនអាចផ្អាកនេះត្រូវបានលោកស្រី ឱ វ៉ាន់ឌីន ពន្យល់ថា៖ «ទោះបីជាបារម្ភ ឬមិនបារម្ភតាមពិតក្រសួងសុខាភិបាល បានយកចិត្តទុកដាក់តាំងពីយើងបានទទួលព័ត៌មានកើតឡើងនៅករណីលើកដំបូង នៅទីក្រុងវ៉ូហាន ប្រទេសចិន ។ ដោយនៅក្នុងនោះឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានតាមដាន និងយកចិត្តទុកដាក់បំផុត ហើយរហូតមកដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០ ថ្វីដ្បិតតែអង្គការសុខភាពពិភពលោក មិនទាន់មានការណែនាំក្នុងការដាក់ម៉ាស៊ីនស្កេនកំដៅ ប៉ុន្តែលោកមានភាពវ័យឆ្លាតដោយបានសម្រេចចិត្តមិនរង់ចាំអ្វីទៀតទេ ត្រូវតែដាក់ម៉ាស៊ីនស្កេនកំដៅនៅតាមច្រកអន្តរជាតិទាំង ៣ នៅប្រទេសកម្ពុជានេះជាការយកចិត្តទុកដាក់យ៉ាងខ្ពស់ពីក្រសួងសុខាភិបាល»។
ទន្ទឹមនឹងនោះទៀតសម្រាប់ជើងហោះហើរ លោកស្រី ឱ វ៉ាន់ឌីន បានជំរាបជូនថា មកទល់ពេលនេះការណែនាំតាមច្បាប់ ស្ដីពីច្បាប់សុខភាពអន្តរជាតិឆ្នាំ ២០០៥ ដែលបណ្ដាប្រទេសនៅលើសាកលលោកគេកំពុងតែមានការយកចិត្តទុកដាក់ និងអនុវត្តនេះ គឺមិនមានការណែនាំ ក្នុងនោះអង្គការសុខភាពពិភពលោកនេះ មិនមានការណែនាំដែលគេហៅថា Travel Ban មានន័យថាមិនមានការណែនាំឱ្យផ្អាកជើងហោះហើរ ហើយជាពិសេសគេបាននិយាយច្បាស់ទៀតទាំងការធ្វើដំណើរទៅសាធារណរដ្ឋប្រជាមានិតចិននោះ ក៏មិនមានការហាមប្រាមដែរ ។
ការមិនអាចផ្អាកជើងហោះហើរពីប្រទេសចិននោះ អ្នកនាំពាក្យក្រសួងសុខាភិបាលបានសង្កត់ធ្ងន់ថា អ្វីដែលជាការសំខាន់នោះគឺបុគ្គលនីមួយៗត្រូវតែយកចិត្តទុកដាក់ខ្ពស់ ហើយត្រូវចេះការពារផ្ទាល់ខ្លួននេះជាការចាំបាច់ណាស់ ជាការណែនាំរបស់អង្គការសុខភាពពិភពលោក ត្រូវតែស្វែងយល់អំពីកិច្ចការពារឱ្យបានច្បាស់លាស់ ត្រូវតែស្វែងយល់អំពីករណីជំងឺដែលបានកើតឡើង ត្រូវតែស្វែងយល់អំពីទីតាំងណាខ្លះ កន្លែងណាខ្លះ ត្រូវតែជៀសវាងកន្លែងដែលមានករណី ឬផ្ទុះឡើងនៃជំងឺនេះ ជៀសវាងប៉ះពាល់អ្នកជំងឺ ឬ មានការសង្ស័យពាក់ព័ន្ធនឹងវីរុសនេះ និងត្រូវលាងសម្អាតដៃឱ្យបានជាប្រចាំ ។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវីរុសកូរ៉ូណារកឃើញដំបូងនៅប្រទេសកម្ពុជា គឺកើតឡើងទៅលើបុរសជនជាតិចិន មានឈ្មោះ ចា ជិនហួរ អាយុ ៦០ ឆ្នាំមកពគីទីក្រុងវ៉ូហាន ប្រទេសចិន ជាមួយក្រុមគ្រួសារ ៤ នាក់ ក្នុងនោះមានតែលោក ចា ជិនហួរ ម្នាក់ប៉ុណ្ណោះដែលរកឃើញភាពវិជ្ជមានផ្ទុកវីរុសកូរ៉ូណា ។ គ្រួសារមួយនេះ បានចាកចេញពីក្រុងវ៉ូហាន ឆ្ពោះមកប្រទេសកម្ពុជានៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី ២៥ មករា ដោយមានអាការៈគ្រុនក្ដៅ និងហៀរសំបោរ ។ តាមក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្ននេះបុរសជនជាតិចិនបាននឹងកំពុងឱ្យសម្រាកនៅក្នុងបន្ទប់ដាច់ដោយឡែកនៅមន្ទីរពេទ្យខេត្ត ព្រះសីហនុ ហើយក្រុមគ្រូពេទ្យកំពុងតាមដានក្រុមគ្រួសារអ្នកជំងឺ និងស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកជំងឺ ។ បន្ថែមលើពីនេះក្រសួងសុខាភិបាលបានបញ្ជាក់ថា លុះត្រាតែព្យាបាលអ្នកជំងឺរូបនេះជាសះស្បើយ ទើបបញ្ជូនទៅប្រទេសចិនវិញ ៕