នេះជាចម្លាក់សត្វមករ ធំបំផុត អាយុកាលលើសពី១ពាន់ឆ្នាំ នៅភ្នំគូលែន
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ កន្លងទៅ មានគណនីហ្វេសប៊ុកឈ្មោះ Rithy Angkor និង ក្រុមការងារមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ដឹកនាំដោយ លោក ស៊ុន គង់ ប្រធាន មន្ទីរបរិស្ថាន សហការជាមួយអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែនបានប្រទះឃើញនូវរូបចម្លាក់សត្វមករដ៏ធំមួយនៅក្នុងតំបន់ភ្នំគូលែន ។
ក្រោយមកមន្ទីរបរិស្ថានខេត្តសៀមរាបក៏បានបង្ហោះនៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថា ចម្លាក់សត្វមករនេះគឺជាចម្លាក់មករដែលធំជាងគេមិនធ្លាប់មានពីមុនមកនៅតំបន់ភ្នំគូលែននេះ ។
ជាមួយគ្នានោះដែរ ទីតាំងជាក់ស្តែងគឺស្ថិតនៅ ភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើខេត្តសៀមមរាប ខាងកើតទំនប់បុរាណមួយឈ្មោះថា ទំនប់ទឹកងូតប្រមាណ ៣០ម៉ែត្រ ខាងកើតឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម (ភ្នំគូលែន) ។
សូមបញ្ជាក់ថា រូបចម្លាក់សត្វមករនេះមានបណ្តោយ ២,១៤ម៉ែត្រ កម្ពស់០,៩៧ម៉ែត្រ ដែលមិនធ្លាប់ឃើញនៅចម្លាក់លើផ្តែរ និងប្រាសាទព្រហ្មញ្ញសាសនានា ក្នុងប្រវត្តិសិល្បៈខ្មែរនោះឡើយ ។ ក្រៅពីនោះនៅក្នុងការស្រាវជ្រាវនេះ ក្រុមការងារក៏រកឃើញនូបបំណែកថ្ម ១៣ដុំផ្សេងទៀតផងដែរ ៕
ប្រភព៖ មន្ទីរបរិស្ថានខេត្តសៀមរាប