ត្រូវចាំថា គ្មាននរណាម្នាក់អាចយកអ្នកចេញពីភាពឈឺចាប់បានទេ ក្រៅពីខ្លួនអ្នក
ពេលខ្លះនៅក្នុងជីវិតរបស់អ្នក អ្នកអាចជួបនូវវេលាមួយដែលអ្នកឈឺចាប់បំផុត ហើយមិនដឹងថាតើត្រូវចាកចេញពីវាដោយរបៀបណា? វាអាចប្រហែលមកពីអ្នកទើបតែមានបទពិសោធជាមួយវាជាលើកដំបូង ឬ ក៏អ្នកមិនបានព្យាយាមរៀនចាកចេញពីវាដោយខ្លួនឯង ។
នៅពេលដែលអ្នកមិនអាចដោះស្រាយវាបាន អ្នកនឹងមានអារម្មណ៍ដក់ជាប់ទៅលើវាជានិច្ច ហើយតែងគិតថា វាគ្មានផ្លូវទេដើម្បីឆ្លងកាត់វាបាន ប៉ុន្តែការពិតនោះ មិនយូរ មិនឆាប់អ្នកនឹងអាចឆ្លងផុតបាន ។
ត្រូវចាំថា ទោះបីជាអ្នកទទួលបានការជួយបន្តិចបន្តួចពីគ្រួសារ មិត្តភក្តិ និង មនុស្សនៅជុំវិញខ្លួនយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ពិតជាអាចជួយអ្នកចេញពីភាពឈឺចាប់ទាំងអស់នោះបានឡើយក្រៅពីខ្លួនអ្នក ។
អ្នកនឹងចាប់ផ្តើមគិតថារាល់សេចក្តីសម្រេចចិត្តរបស់អ្នកគឺសុទ្ធតែខុស ឬក៏បានគិតថា តើអ្នកអាចធ្វើឱ្យប៉ះពាល់អ្នកដទៃដល់កម្រិតណា ? ហើយអ្នកក៏មិនចង់បានបែបនេះដែរ ។ អ្នកក៏កាន់តែគិតច្រើនបន្ថែមទៀតថា រឿងគ្រប់យ៉ាងសុទ្ធតែជាកំហុសរបស់អ្នក ហើយក៏ចាប់ផ្តើមសួរទៅព្រហ្មលិខិតថាហេតុអ្វីបានជាមកឱ្យអ្នកឈឺចាប់បែបនេះ ។
ប៉ុន្តែគំនិតទាំងអស់នោះកើតឡើង ប្រហែលមកពីអ្នកគ្រាន់តែគិតថា គ្មាននរណាម្នាក់យល់ពីអ្នកសេចក្តីឈឺចាប់របស់អ្នកប៉ុណ្ណោះ ដូច្នេះអ្នកគួរតែចាកចេញពីវាដោយស្វែងរកមនុស្សណាម្នាក់ដែលអ្នកអាចចែករំលែកបាន ហើយប្រាប់គេនូវរឿងទាំងអស់នោះ ដូច្នេះអ្នកក៏អាចធូរចិត្តបន្តិចដែរ ។
មួយវិញទៀតអ្នកនឹងអាចចាកចេញពីភាពឈឺចាប់ប្រសិនបើអ្នកចង់ ។ ត្រូវតែរំឭកខ្លួនឯងជានិច្ចថាអ្នកពិតជាចង់ចាកចេញពីវា ត្រូវតែឈប់គិតពីរឿងមិនល្អ ហើយចាប់ផ្តើមធ្វើសកម្មភាពល្អៗសម្រាប់ជីវិត មិនយូរទេអ្នកនឹងអាចចេញផុតបាន ។ សំខាន់តើឆន្ទៈរបស់អ្នកមានដល់កម្រិតណា ។
ជាចុងក្រោយ ដើម្បីអាចរំដោះខ្លួនចេញពីភាពឈឺចាប់បានអ្នកអាចស្តាប់ដំបូន្មានពីគ្រួសារ ពីមិត្តភក្តិ តែអ្វីដែលសំខាន់គឺចាប់ផ្តើមរៀន បន្តជំហានទៅមុខពីមួយជំហានទៅមួយជំហានដោយខ្លួនឯង ៕