ឃាត់ខ្លួនជើងខ្លាំង ដែលបង្ហោះលក់ដុំឆក់ត្រី នៅតាម Facebook និង Youtube
ជនជាតិវៀតណាមម្នាក់ ដែលបង្ហោះលក់ផលិតផល និង ឧបករណ៍នេសាទខុសច្បាប់ (ដុំឆក់ត្រី) នៅតាមបណ្ដាញសង្គម Facebook និង Youtube ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិចាប់ខ្លួនហើយ នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០នេះនឹងបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី ។
សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀន យ៉ាំងតេវ អាយុ ៣១ ឆ្នាំ នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ ១ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយរឹបអូសបាន ឧបករណ៍ឆក់ត្រី ដែលបានកែច្នៃរួចចំនួន ២ គ្រឿង ជាប់នឹងខ្លួន ។
បន្ទាប់មកកម្លាំងរបស់នាយកដ្ឋាន សហការជាមួយស្នងការដ្ឋានខេត្តកណ្តាល និង សមត្ថកិច្ចមូលដ្ឋាន និង មានការសម្របសម្រួលដឹកនាំ ដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តកណ្ដាល បានធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះជនសង្ស័យ និង រកឃើញឧបករណ៍ឆក់ត្រីកែច្នៃរួច ៩ គ្រឿងទៀត និង នាំវត្ថុតាងជាមួយជនសង្ស័យមកកាន់នាយកដ្ឋានជំនាញដើម្បីចាត់ការតាមនីតិវិធី ។
គួរបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ ជនសង្ស័យបានបង្ហោះ និង ផ្សព្វផ្សាយលក់ឧបករណ៍ឆក់ត្រីកែច្នៃ ដែលមានប្រសិទ្ធភាពខ្ពស់ តាមរយៈបណ្ដាញសង្គម Facebook និង YouTube ដែលធ្វើឱ្យមានការរិះ គន់ជាខ្លាំងនៅតាមបណ្ដាញសង្គម ។
ដោយឃើញបែបនេះ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គរដ្ឋបាលជលផល បានស្នើសុំឱ្យមន្ត្រីជំនាញ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជួយស្រាវជ្រាវ និង ស្វែងរកជនសង្ស័យមកផ្តន្ទាទោស ព្រោះការប្រើប្រាស់ឧបករណ៍ឆក់ ដើម្បីនេសាទត្រី ជាបទល្មើស ព្រហ្មទណ្ឌដែលបានចែងនៅក្នុងច្បាប់ជលផល ។ ម្យ៉ាងទៀតការប្រើប្រាស់ឧបករណ៍ឆក់ដើម្បីនេសាទត្រី មានលក្ខណៈបំផ្លាញធនធានមច្ឆាជាតិ យ៉ាងធ្ងន់ធ្ងរបំផុត ។
តាមការសារភាពរបស់ជនសង្ស័យ ង្វៀន យ៉ាំងតេវ ថា ដំបូងឡើយខ្លួនជាជាងជួសជុលម៉ូទ័រ កង្ហារ ឆ្នាំង ដាំបាយ និង ធ្វើសោ បន្ទាប់មកខ្លួនបានទៅរៀន ធ្វើឧបករណ៍ឆក់ត្រី ដោយសារឧបករណ៍នេះ កំពុងពេញនិយម ។
បន្ទាប់មកខ្លួនក៏បានចាប់ផ្ដើមផលិតឧបករណ៍ឆក់ត្រី ដែលមានប្រសិទ្ធភាពខ្ពស់ និងផ្សព្វផ្សាយលក់ ដែលកន្លងមកធ្លាប់បានលក់ទៅឱ្យអតិថិជនជាច្រើន រួមមាន ខេត្តកំពង់ចាម រតនគីរី ពោធិ៍សាត់ តាកែវ ។ល។ ដោយឱ្យអតិថិជនទាំងនោះ កក់ប្រាក់ពាក់កណ្ដាល បន្ទាប់មកនៅពេលគេផលិតរួច គេនឹងបញ្ជូន ឧបករណ៍ទាំងនោះ តាមរថយន្តឈ្នួលទៅអតិថិជនវិញ ៕