ដល់ក! គ្រាន់តែ១ឆ្នាំសោះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង ២ ម៉ឺននាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន
កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស ដែលពាក់ព័ន្ធនឹងគ្រឿងញៀនសរុបជាង ២ ម៉ឺននាក់ (ស្រីជាង ១ ពាន់នាក់) ក្នុងនោះមានជនបរទេសចំនួន ៤០១ នាក់ ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀន ដែលចេញផ្សាយ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ បានបង្ហាញថា ក្នុងឆ្នាំ ២០១៩ សមត្ថកិច្ច បង្ក្រាបបានល្មើសជាង ៩ ពាន់ករណី ដោយរឹបអូសសារធាតុញៀនគ្រប់ប្រភេទបានជាង ៧២០ គីឡូក្រាម និង កញ្ឆាក្រៀមជិត ១០០ គីឡូក្រាម ព្រមទាំងដើមកញ្ឆាជាង ៩ ម៉ឺនដើម ។ ចំនួននេះបានកើនជិត ២០០ គីឡូក្រាម បើធៀបនឹងឆ្នាំ ២០១៨ ។
ក្រៅពីដកហូតសារធាតុញៀន សមត្ថកិច្ច បានចាប់យកយានយន្ត វត្ថុតាង និង សម្ភារផ្សេងៗទៀត ដូច ជា រថយន្ត ៦៤ គ្រឿង ម៉ូតូ ២,២ ពាន់គ្រឿង ទូរសព្ទ ៨,៩ ពាន់គ្រឿង ជញ្ជីងជាង ៣០០ និង កាំភ្លើង ១៦ ដើម ដែលត្រូវបានប្រើប្រាស់ពាក់ព័ន្ធនឹងសកម្មភាពជួញដូរ រក្សាទុក កែច្នៃ ចែកចាយ និង ដាំដុះសារធាតុញៀន ។
ករណីធំៗគួរកត់សម្គាល់ក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ មានការចុះបង្រា្កបនិងរឹបអូសគ្រឿងញៀន នៅទីតាំងធំៗនៅទូទាំងប្រទេស រួមមាន មជ្ឈមណ្ឌលកម្សាន្តរ៉ក់ នៅរាជធានីភ្នំពេញ ជាង ៥០ គីឡូក្រាម ក្លិបអូបាម៉ា នៅខេត្តព្រះសីហនុ ជិត ៤០ គីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ២៧គីឡូក្រាម និង ខេត្តកំពង់ធំចំនួន ៩៣ គីឡូក្រាម ៕