មកស្គាល់អ្នកបើកយន្តហោះវ័យក្មេង ៤ រូប ដែលបានបំបែកកំណត់ត្រានៅកម្ពុជា
រាល់មុខតំណែងការងារទាំងអស់ ដែលត្រូវបំរើការនៅលើយន្តហោះ សុទ្ធតែមិនងាយស្រួល ហើយកម្រទទួលបានឱកាសធ្វើការងារទាំងនោះណាស់ ក៏ព្រោះតែការងារទាំងអស់នោះ សុទ្ធតែមានតម្រូវការអ្នកមានសមត្ថភាពទាំងចំណេះដឹង ជំនាញ និង ភាសា។
ជាក់ស្ដែង ដូចជាការងារជាអ្នកបើកយន្ដហោះជាដើម ទម្រាំតែក្លាយជាអ្នកបើកយន្តហោះម្នាក់បាន ដែលត្រូវបញ្ជាយានដ៏ធំមួយនេះនៅលើលំហអាកាស និងត្រូវមានទំនួលខុសត្រូវជាមួយជីវិតមនុស្សដ៏ច្រើនទៀតនោះ គឺវាកាន់តែលំបាកងទ្វេដង ។
ទោះបីជាយ៉ាងណាក៏ដោយ កូនខ្មែរ ៤រូបនេះ អាចធ្វើវាបាន ព្រមទាំងបានបំបែកកំណត់ត្រាខាងអាកាសយានិកនៅកម្ពុជាថែមទៀត ។
១. កញ្ញា ចិន្តា ដូរី
កញ្ញា ចិន្តា ដូរី គឺជានារីម្នាក់ដែលមានមហិច្ឆតាយ៉ាងធំ ដែលកញ្ញាបានផ្លាស់ប្តូរខ្លួនពីនារីអាកាសចរណ៍ម្នាក់ មកជានារីអាកាសយាននិកខ្មែរទី១ យ៉ាងល្បីល្បាញ ។ ចិន្តា ដូរី ធ្លាប់ជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក បដិសណ្ឋារកិច្ច និងទេសចរណ៍ បន្ទាប់មកក៏បានក្លាយអ្នកអ្នកបម្រើការលើយន្តហោះបានតាមបំណង ប៉ុន្តែនារីដ៏ស្រស់សោភារូបនេះ មិនបានបញ្ចប់ក្តីស្រមៃក្នុងការក្លាយជាអ្នកបើកយន្តហោះមួយរូបឡើយ រហូតដល់នាងបានសម្រេចចិត្តបន្តការហ្វឹកហាត់ជា ពីឡុត នៅឯក្រៅប្រទេស ។ ប្រមាណជា ៤ ឆ្នាំ ក្នុងការខិតខំប្រឹងប្រែង ស្រីស្អាតរូបនេះក៏ទទួលបានភាពជោគជ័យ យ៉ាងត្រចះត្រចង់។
២. លឹមស្រេង សេដ្ឋាមុនី
លោកបានក្លាយជាអ្នកបើកយន្តហោះវ័យក្មេងដំបូងបំផុតរបស់កម្ពុជា បានបញ្ចប់ការសិក្សាលើជំនាញបើកបរយន្តហោះ នៅសាលាដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក ត្រឹមវ័យ១៩ឆ្នាំ និងបានបញ្ចប់ការហ្វឹកហ្វឺនបើកយន្តហោះខ្នាតធំ Airbus A320 ក្នុងវ័យត្រឹមតែ ២០ឆ្នាំ នៅប្រទេសហ្វីលីពីន។
៣. លោក អ៊ុង សុខាណៃ
អ៊ុង សុខាណៃ បានតស៊ូ ពុះពារ គ្រប់ឧបសគ្គរហូតសម្រេចក្ដីស្រមៃរបស់ខ្លួន ចង់ក្លាយជាអ្នកបើកបរយន្តហោះពីប្រទេសហ្វីលីពីន ត្រឹមអាយុ ២០ឆ្នាំ ។ លោកជាយុវជនខ្មែរទី ២ ដែលបានបញ្ចប់ការសិក្សា ជាអ្នកបើកយន្តហោះនៅវ័យក្មេងជាងគេបំផុតបន្ទាប់ពី លឹមស្រេង សេដ្ឋាមុនី ។
៤. លោក លឹម រាជតា
រាជតា អាយុត្រឹម២០ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែលោក អាចបញ្ជប់ការសិក្សាផ្នែកអាកាសយានិកធុន Airbus A320 ពីសាលា Aerostar Training Services LLC នៃសហរដ្ឋអាមេរិក ។ លោកបានបញ្ចប់ការសិក្សាត្រឹមរយៈពេល១៩ ខែ ហើយទទួលបានជោគជ័យ ដូចអ្វីដែលលោកធ្លាប់បានស្រមៃ ៕