ជាមិត្តចិត្តមួយ ថ្លើមមួយ ត្រូវតែប្រាប់រឿងគ្រប់យ៉ាងទៅគ្នាមែនទេ?
ចំពោះមិត្តជិតដិត ដែលតែងតែចែករំលែករាល់រឿងរ៉ាវរបស់ខ្លួនជាមួយគ្នា ភាគច្រើនជាមិត្តភក្តិស្រី ដោយសារពួកគេប្រកាន់ខ្ជាប់ថា “ជាមិត្តជិតស្និតនឹងគ្នាត្រូវតែប្រាប់រឿងគ្រប់យ៉ាងទៅគ្នា” មិនថាជារឿងល្អ ឬអាក្រក់ ឬ កើតទុក្ខ ។ ផ្ទុយទៅវិញមានរឿងរ៉ាវជាច្រើនដែលអាចធ្វើឱ្យចំនងមិត្តភាពត្រូវបានបែកបាក់ ហើយប្រែជាការលើកកកាយនៅរឿងរ៉ាវទាំងនោះឡើងវិញ ដោយសារទប់កំហឹងមិនបាន ។ ពេលនោះហើយ គឺមិនត្រឹមតែស្តារស្ថានភាពមិនបានប៉ុណ្ណោះទេ តែមិត្តភាពមួយនោះអាចនឹងកើតជាសត្រូវក៏មាន។ ដូច្នេះមានរឿងខ្លះដែលអ្នកមិនគួរនិយាយប្រាប់សូម្បីទៅកាន់មិត្តជិតស្និតបំផុតរបស់អ្នក៖
១. រឿងរ៉ាវដ៏តក់ស្លុតពីអតីតកាលរបស់អ្នក
ការសិក្សាពីវេជ្ជបណ្ឌិត Dori Laub បានបង្ហាញឱ្យដឹងថា នៅពេលដែលអ្នកប្រាប់ពីអតីតកាលដ៏ជូរចត់របស់អ្នកទៅកាន់មិត្ត ដីចជាការធ្លាប់រងនូវការរំលោភបំពាន ជំងឺធ្ងន់ធ្ងរ ឬក៏អ្វីផ្សេងទៀត ប៉ុន្តែរឿងត្រង់ថា មិនសូវមានអ្នកណាមកចាប់អារម្មណ៍ ឬក៏ជួយកែប្រែអ្វីបានដែរ ពួកគេបានត្រឹមតែស្តាប់និងណែនាំបន្តិចបន្តួចប៉ុណ្ណោះ ហើយពេលខ្លះអាចទៅជាការរើសអើងក៏មាន ។ ដូច្នេះវាល្អជាងបើអ្នក ធ្វើឱ្យខ្លួនឯងមានសុវត្ថិភាពជាជាង រងនូវភាពឈឺចាប់បន្ថែមទៀតពីពាក្យសម្តីដែលមិនគួរលឺ ។
២. គោលដៅខ្លះដែលពួកគេមិនចាំបាច់ត្រូវតែយល់
មនុស្សម្នាក់ៗមានគោលដៅខុសគ្នាដែលធ្វើឱ្យពួកគេប្រកាន់នូវគោលគំនិតខុសគ្នាដែរ ។ ដូច្នេះប្រសិនបើអ្នកគិតថាគោលដៅជីវិតអ្នកទៅអនាគត មិនទាន់ច្បាស់លាស់ ឬ មិនទទួលបានការគាំទ្រពីមិត្តភក្តិ វាជារឿងល្អបំផុតដែលអ្នកមិនចាំបាច់និយាយចេញមក ។
៣. លក្ខណៈសុខភាព
វាមិនមែនជាការចាំបាច់ទេក្នុងការឱ្យមិត្តភក្តិរបស់អ្នកដឹងរាល់បញ្ហាសុខភាពរបស់អ្នក ព្រោះមិត្តភក្តិក៏មិនចាំបាច់ដឹងពីទំនាក់ទំនងគ្រប់ពេលរបស់អ្នកជាមួយគ្រូពេទ្យនោះទេ ពីព្រោះវាជាព័ត៌មានសម្រាប់អ្នក មិនមែនសម្រាប់ពួកគេ ។ ការនិយាយពីសុខភាពខ្លួនឯងដដែលៗ អាចធ្វើឱ្យគេមានអារម្មណ៍ ធុញទ្រាន់បាន ។
៤. រឿងសម្ងាត់របស់អ្នកដទៃ
មានធ្លាប់ឮពាក្យថា “ខ្ញុំនឹងប្រាប់អ្នក តែសូមអ្នកកុំប្រាប់នរណា” ដែរឬទេ? វាកើតឡើងស្ទើរតែគ្រប់ពេលទៅហើយ។ រឿងសម្ងាត់របស់អ្នកដទៃមិនមែនជាការលេងសើចនោះទេ ហើយគ្រប់គ្នាសុទ្ធតែមានវា ដូច្នេះអ្នកមិនមានតួនាទីជាអ្នកនាំសារក្នុងការបញ្ជូនបន្តព័ត៌មាននោះទេ៕
ប្រភព៖ BUSTLE