
ស្រីៗអាយុសាមប្លាយ មិនទាន់មានស្នេហា កុំខ្វល់ច្រើន អាចងាកមកធ្វើរឿងទាំងនេះដើម្បីខ្លួនឯង
មនុស្សស្រីគ្រប់រូបតែងតែប្រាថ្នាទទួលបានការស្រឡាញ់ពីមនុស្សប្រុសម្នាក់ ដើម្បីក្លាយជាគូអនាគតនៅពេលដែលអាយុរបស់ខ្លួនកាន់តែកើនពីមួយឆ្នាំទៅមួយឆ្នាំ ។ តើឱ្យធ្វើដូចម្តេចទៅបើគូព្រេងមិនទាន់ដល់ ហើយអាយុជ្រេទៅហើយ ? ក្នុងកំឡុងពេលដែលចំណាយពេលគេងគិតនៅរឿងស្នេហាដែលមិនទាន់មកដល់នេះ ស្រីៗអាចធ្វើនូវរឿងមួយចំនួនសម្រាប់ខ្លួនឯងដូចខាងក្រោម៖
១. ចំណាយពេលស្គាល់ពីខ្លួនឯងបន្ថែម
មនុស្សម្នាក់ៗកើតមកមិនដើម្បីតែនរណាម្នាក់នោះទេ ការរស់នៅដោយភាពជាខ្លួនឯង ហើយមិនចាំពឹងផ្អែកលើអ្នកដទៃ ជាអ្វីដែលមនុស្សស្រីសម័យថ្មីចង់បាន ។ ដូច្នេះត្រូវស្គាល់ខ្លួនឯងបន្ថែមថាតើអ្វីជាចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន ហើយនៅមានអ្វីទៀតទេដែលយើងនៅខ្វះចន្លោះ ហើយត្រូវការបំពេញឱ្យខ្លួនឯងបន្ថែម ? តើគោលដៅដែលយើងចង់ធ្វើបានសម្រេចហើយឬនៅ ? តើខ្លួនឯងពិតជាចង់បានស្នេហា ឬ រៀបការនៅអាយុប៉ុណ្ណេះឬទេ ? ដូច្នេះមុននឹងសម្រេចចិត្តរៀបការមនុស្សស្រីក៏ត្រូវស្គាល់ពីខ្លួនឯងឱ្យច្បាស់ផងដែរ ។
២. បំពេញក្តីស្រមៃរបស់ខ្លួនឱ្យបានច្រើនបំផុត
សាកចំណាយពេលគិតពីការធ្វើដូចម្តេចដើម្បីតម្រូវចិត្តនរណា មកជាការបំពេញក្តីស្រមៃសម្រាប់ខ្លួនឯងម្តងទៅមើល៍! យកពេលវេលានេះមកដើរផ្សារទិញអីវ៉ាន់ ទៅកន្លែងដែលខ្លួនឯងប្រាថ្នា ថតរូប ញ៉ាំរបស់ថ្មីៗ ហើយអាចជាការធ្វើនូវរឿងជាច្រើនផ្សេងទៀតដែលធ្លាប់ចង់ធ្វើ ។ មានមនុស្សស្រីខ្លះក៏មានគោលបំណងដល់ទៅក្លាយជាម្ចាស់ក្រុមហ៊ុនមួយរូបផង អ៊ីចឹងហើយគួរចំណាយពេលនេះឱ្យមានប្រយោជន៍ដើម្បីខ្លួនឯងវាពិតជាប្រសើរណាស់ ។
៣. ធ្វើរឿងមួយចំនួនដើម្បីគ្រួសារ
ពេលនៅជីវិតជាយុវវ័យ មនុស្សស្រីច្រើនចំណាយពេលជាមួយមិត្តភក្តិច្រើនជាងគ្រួសារ ដែលមើលរំលងពីសុភមង្គលដែលគ្រួសារនឹងផ្ដល់ដល់ខ្លួនឡើយ ។ ដូច្នេះដល់ពេលហើយដែលចំណាយពេលមកនៅជាមួយគ្រួសារឱ្យបានច្រើន ដូចជាការដើរកម្សាន្តជាមួយគ្នា ធ្វើម្ហូបញ៉ាំជាមួយគ្នាជាដើម ។
៤. បើកចិត្តទទួលយកមិត្តថ្មីៗ
កុំឃុំខ្លួនឯងនៅក្នុងបន្ទប់មួយបិទជិតហើយបានត្រឹមតែឃើញខ្លួនឯងនៅក្នុងកញ្ចក់ឆ្លុះ ចូរបើកចិត្តទទួលយកមិត្តថ្មីៗ ប្រើពេលដើរចេញទៅខាងក្រៅស្គាល់ពិភពលោកឱ្យកាន់តែទូលំទូលាយ ហើយរៀនពីអ្នកនៅជុំវិញខ្លួនផងដែរ ។ ពេលដែលអ្នកស្គាល់មនុស្សច្រើន មានន័យថានឹងមានអ្នកស្គាល់អ្នកច្រើនដូចគ្នា ហើយក្នុងចំណោមពួកគេ ប្រាកដជាមាននរណាម្នាក់ដែលមានអារម្មណ៍ដូចអ្នកមិនខាន ។
នៅពេលធ្វើរឿងទាំងនេះអ្នកក៏អាចបំភ្លេចបាននៅអារម្មណ៍ឯការមួយកម្រិត ក៏ដូចជាពេលដ៏យូរនៃការរង់ចាំដូចគ្នាដែរ ។ មួយវិញទៀតវាកាន់តែធ្វើឱ្យអ្នកដទៃមើលឃើញពីខ្លួនអ្នក និង នៅពេលមួយគេនឹងទទួលយកអ្នក ហើយស្រឡាញ់អ្នកជាអ្នក បានគង់វង្សយូរអង្វែងជាជាងស្រឡាញ់អ្នកនៅក្នុងរូបភាពមិនមែនជាអ្នក ៕