ជិតចូលឆ្នាំថ្មីហើយ បើចង់ឱ្យជីវិតរីករាយ និង ជោគជ័យ គួរបញ្ឈប់រឿង ៩ យ៉ាងនេះភ្លាម
ពេលខ្លះ ដើម្បីទទួលបានជោគជ័យ យើងក៏មិនចាំបាច់ទៅបង្កើតអ្វីថ្មីមកដាក់បន្ទុកលើខ្លួនឯងនោះឡើយ យើងគួរតែផ្តោតសំខាន់លើអ្វីដែលយើងកំពុងធ្វើវាប្រសើរជាង ហើយជាពិសេសនោះគឺដកចោលនូវរឿងខ្លះដែលជាសកម្មភាពចង្អាក់ដល់ផ្លូវទៅរកជោគជ័យនោះ ។
ទោះបីជាមនុស្សគ្រប់រូប មាននិយមន័យនៃភាពជោគជ័យផ្សេងៗ ខុសប្លែកពីគ្នា វាក៏មានរឿងខ្លះដែលដូច ឬ ប្រហាក់ប្រហែលគ្នា ដែលមានលក្ខណៈជាសកល ហើយនៅពេលដែលយើងយកចេញនូវរឿងទាំងនោះ វាអាចនិងធ្វើឱ្យយើងកាន់តែជោគជ័យបន្ថែមទៀត ។
១. បញ្ឈប់នូវសកម្មភាពដែលប៉ះពាល់សុខភាព
«ថែរក្សារាងកាយអ្នក ព្រោះវាជាកន្លែងតែមួយដែលអ្នករស់នៅ» (Jim Rohn)។ ប្រសិនបើអ្នកចង់សម្រេចអ្វីមួយនៅក្នុងជីវិត អ្វីគ្រប់យ៉ាងគឺចាប់ផ្តើមនៅទីនេះ ។ ដំបូងអ្នកត្រូវថែរក្សាសុខភាពអ្នក ចាប់ផ្តើមបន្តិចម្តងៗ តាមរយៈការបរិភោគអាហារសុខភាព និង ធ្វើលំហាត់ប្រាណ ពេលនោះអ្នកនឹងអរគុណខ្លួនឯងនៅថ្ងៃណាមួយមិនខាន ។
២. បញ្ឈប់នូវផ្នត់គំនិតរយៈពេលខ្លី
«អ្នកមានជីវិតតែម្តង តែប្រសិនបើអ្នកធ្វើត្រូវ ម្តងគឺគ្រប់គ្រាន់ហើយ» (Mae West) ។ អ្នកដែលជោគជ័យច្រើនកំណត់គោលដៅរយៈពេលវែង តែពួកគេក៏ប្រាកដច្បាស់ថា គោលបំណងនេះកើតចេញពីលទ្ធផលនៃសកម្មភាពខ្លីៗដែលពួកគេធ្វើជាប្រចាំថ្ងៃ ។
៣. បញ្ឈប់នូវការធ្វើតែរឿងតូចៗ
ប្រសិនបើអ្នកមិនសាកល្បង ក៏ដូចជាចាប់ឱកាសដែលល្អប្រសើរ ឬ អនុញ្ញាតឱ្យសុបិនរបស់អ្នកខិតទៅរកភាពជាក់ស្តែងនោះទេ អ្នកនឹងមិនអាចដឹងកាន់តែច្បាស់ពីសមត្ថភាពពិតរបស់ខ្លួនឯងឡើយ ។ ក្រៅពីនោះពិភពលោកក៏មិនបានទទួលផលប្រយោជន៍អ្វី ពីរឿងតូចតាចដែលអ្នកបានសម្រេចដែរ ។ ដូច្នេះត្រូវក្លាហាន ហ៊ានបញ្ចញគំនិត កុំខ្លាចបរាជ័យ រឹតតែកុំខ្លាចថាមិនបានជោគជ័យ ។
៤. បញ្ឈប់នូវលេស
«វាមិនសំខាន់តើអ្នកមានសន្លឹកបៀរអ្វី តែសំខាន់ត្រង់របៀបដែលអ្នកលេងវាទៅវិញទេ» (Randy Pausch)។ អ្នកដែលជោគជ័យដឹងច្បាស់ថា ខ្លួនគេផ្ទាល់ជាអ្នកសម្រេចជោគវាសនារបស់ជីវិតខ្លួនឯង ដោយមិនខ្វល់ថាតើ ចំណុចចាប់ផ្តើមគេបែបណា ភាពទន់ខ្សោយ ក៏ដូចជាការបរាជ័យនៅក្នុងអតីតកាល។ ត្រូវចាំថាអ្នកជា អ្នកទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលកើតឡើងបន្ទាប់នៅក្នុងជីវិតរបស់អ្នក មិនថារឿងអាក្រក់ ឬ ល្អ ។ លេស វាបានបង្អាក់នូវការលូតលាស់ទាំង សមត្ថភាព និង ស្មារតីរបស់អ្នក។
៥. បញ្ឈប់នូវគំនិតផ្ដាច់ការ
«អនាគតបានទៅលើអ្នកដែលមានជំនាញច្រើន ហើយចេះច្នៃប្រឌិតវា» (Robert Greene, Mastery)។ កុំមានមោទនភាពចំពោះខ្លួនឯងខ្លាំងពេក ហើយមើលស្រាលនៅសំដីរបស់អ្នកដទៃដែលសុទ្ធតែជាមេរៀនល្អៗ។ អ្នកដែលមានគំនិតផ្តាច់ការគេគិតថាអ្វី ដែលពួកគេធ្វើសុទ្ធតែត្រូវ ហើយល្អគ្រប់យ៉ាង ដូចច្នេះវាធ្វើឱ្យពួកគេភ្លេចរៀនបន្ថែមនូវអ្វីដែលពួកគេបានឆ្លងកាត់។
៦. បញ្ឈប់នូវការទោទន់តាមព្រហ្មលិខិត
«រៀងរាល់ថ្ងៃ នៅក្នុងគ្រប់រឿង ខ្ញុំកាន់តែមានការប្រសើរឡើង» (Émile Coué)។ អ្នកដែលជោគជ័យដឹងថា ការធ្វើឱ្យមានការអភិវឌ្ឍខ្លួនបន្តិចម្តងៗ ជារៀងរាល់ថ្ងៃ វានឹងផ្ដល់លទ្ធផលជាទីគាប់ប្រសើរ។ ដូច្នេះហើយអ្នកគួរតែមានគោលដៅអនាគតតែ ផ្តោតសំខាន់ទៅលើរៀងរាល់មួយថ្ងៃទៅមុខ ដោយសង្ឃឹមថាយ៉ាងតិចក៏មានការប្រែប្រួល ១% ដែរ ។
៧. បញ្ឈប់នូវគំនិតល្អឥតខ្ជោះ
គ្មានអ្វីដែលនឹងល្អឥតខ្ជោះបានទេ ទោះបីជាអ្នកខំប្រឹងខ្លាំងខ្លាប៉ុណ្ណាក៏ដោយ។ ភាពភ័យខ្លាចពីការបរាជ័យ វាបានទប់ស្កាត់យើងពីការធ្វើសកម្មភាព ព្រមទាំងការបង្ហាញនូវគំនិតច្នៃប្រឌិតទៅខាងក្រៅ ។ មួយវិញទៀតឱកាសនឹងចេញទៅបាត់ប្រសិនបើយើងចាំពេលវេលាល្អមកដល់ ។
៨. បញ្ឈប់នូវការផ្តោតសំខាន់លើរឿងច្រើនពេក
«អ្នកនឹងមិនអាចទៅដល់គោលដៅបានឡើយ បើអ្នកឈប់ហើយចោលដុំថ្មទៅឆ្កែទាំងអស់ដែលដេញខាំ» (Winston S. Churchill)។ អ្នកជោគជ័យដឹងពីរឿងនេះទើបគេ ជ្រើសរើសតែរឿងមួយហើយ ហើយចំណាយពេល កម្លាំង ផ្តោតសំខាន់ទៅលើវា។
៩. បញ្ឈប់នូវការនិយាយយល់ព្រមចំពោះអ្វីដែលមិនគាំទ្រគោលដៅអ្នក
ចំពោះរឿងខ្លះនៅពេលយើងទៅធ្វើវា ខណៈពេលដែលយើងមានរឿងដែលត្រូវធ្វើរួចហើយ វាប្រាកដជាធ្វើឱ្យយើងខាតពេលជាច្រើន។ ពេលខ្លះអ្នកដែលជោគជ័យត្រូវនិយាយថាទេ ចំពោះការងារ សកម្មភាព ឬ តម្រូវការពីមិត្តភក្តិ គ្រួសារ និង អ្នករួមការងារដើម្បីឱ្យពួកគេមានពេលគ្រប់គ្រាន់សម្រេចគោលដៅ៕
ប្រភព៖ Zdravko Cvijetic (Medium.com)