អ្នកចាក់សាក់កំពូលសំណាង! មានប្រពន្ធ ៨ នាក់ រួមរស់ជុំគ្នាក្នុងផ្ទះតែមួយ អត់ចេះឈ្លោះគ្នា អត់ចេះដណ្តើមថ្ងៃគ្នា
បុរសសញ្ជាតិថៃម្នាក់ បានធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ នៅពេលរូបលោក និង ភរិយាទាំង ៨ នាក់ បានចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយ ដើម្បីចែករំលែកអំពីជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។
លោក Nathapon ដែលត្រូវបានស្គាល់ថាជាអ្នកសាក់រូបដ៏ល្បីឈ្មោះម្នាក់ បច្ចុប្បន្នកំពុងរស់នៅ និង បំពេញការងារក្នុងទីក្រុងបាងកក ប្រទេសថៃ។ អ្នកសាក់រូបវ័យក្មេងរូបនេះ គឺកាន់តែទទួលបានភាពល្បីល្បាញខ្លាំងថែមទៀត ក្រោយរូបលោកបានទម្លាយអំពីរឿងរ៉ាវជីវិតស្នេហា និង អាពាហ៍ពិពាហ៍ជាមួយភរិយាចំនួន ៨ នាក់ ដែលពួកគេទាំងអស់គ្នា គឺរស់នៅក្រោមដំបូលផ្ទះតែមួយ ហើយពោរពេញដោយសុខសុភមង្គល គ្មានជម្លោះច្រណែនទាស់ទែងគ្នាម្ដងណាឡើយ។
បើនិយាយអំពីដំណើរជួបគ្នាដំបូងរវាងប្រពន្ធនីមួយៗរបស់លោក Nathapon លោកបានឱ្យដឹងថា លោកគឺជួបពួកគេនៅកន្លែងផ្សេងៗគ្នារាប់គិតចាប់ពីតាមផ្សារ មន្ទីរពេទ្យ រហូតដល់ក្នុងវត្ត។ តាមសម្ដីបុរសសំណាងរូបនេះ បាននិយាយថា លោកបានជួបភរិយាដំបូងនៅឯពិធីមង្គលការមិត្តភក្តិ ហើយបន្តជួបភរិយាទី ២ នៅក្នុងផ្សារ។ ចំពោះភរិយាទី ៣ វិញ លោកបានជួបគ្នានៅឯមន្ទីរពេទ្យ ហើយសម្រាប់ភរិយាទី ៤ ទី ៥ និងទី ៦ គឺលោកបានជួបគ្នាតាមរយៈបណ្ដាញសង្គម។ រីឯភរិយាទី ៧ លោកបានជួបគ្នានៅក្នុងវត្ត និង ជាចុងក្រោយ លោកបានជួបភរិយាទី ៨ អំឡុងពេលធ្វើដំណើរកម្សាន្តទៅប៉ាតាយ៉ាជាមួយភរិយា ៤ នាក់មុនៗ។
ដំណើរជីវិតគ្រួសារដ៏ធំមួយនេះ គឺធ្វើឱ្យមហាជនជាច្រើនច្រណែនជាខ្លាំង ដោយលោក Nathapon តែងតែត្រូវបានភរិយាទាំងអស់សរសើរមិនដាច់ពីមាត់ថា លោកគឺជាបុរសម្នាក់ដែលពូកែថ្នាក់ថ្នម និងមើលថែក្រុមគ្រួសារបំផុតដែលពួកគេធ្លាប់បានជួបកន្លងមក៕