សុខ រ៉ាស៊ី ទទួលបានការឆ្លើយតបដូច្នេះពីម្ចាស់តុក្កតា ដែលរើសបានក្រោយកីឡាករថៃគប់ចោល
សកម្មភាពបោះតុក្កតា និង មេដាយប្រាក់ចោល ដែលកីឡាករបាល់ទាត់ថៃម្នាក់បានគប់ចោលទៅកាន់កន្លែងអ្នកទស្សនានៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ នៅតែផ្ទុះកក្រើកពេញបណ្ដាញសង្គមផ្សព្វផ្សាយខ្មែរ និង ថៃ ដោយមានមហាជនជាច្រើននាំគ្នាបង្ហាញមតិមិនសប្បាយចិត្តជាខ្លាំងនូវទង្វើអសីលធម៌របស់កីឡាករបាល់ទាត់រូបនោះ។
ក្រោយកីឡាករថៃបោះចោលតុក្តតា និង មេដាយប្រាក់ចោល ក៏មានអ្នកទស្សនាជនជាតិខ្មែរបានរើសតុក្កតានោះ ហើយយកទុកជាអនុស្សាវរីយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នេះ។ ក្រោយមក នៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ពិធីករ សុខ រ៉ាស៊ី បានប្រកាសសុំចែកតុក្កតានោះ ដោយតបស្នងវិញក្នុងទឹកប្រាក់ចំនួន ២ លានរៀល។
យ៉ាងណាមិញ ក្រោយប្រកាសសុំទិញតុក្កតាពីអ្នកគាំទ្រដែលរើសបាននោះ មកដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ លោក សុខ រ៉ាស៊ី ក៏បានបង្ហោះសារមួយថា តុក្កតាទោះឱ្យតម្លៃប៉ុន្មានក៏អ្នករើសបានមិនលក់ដែរ។ ជាងនេះទៅទៀត ការបង្ហោះលោក សុខ រ៉ាស៊ី ក៏មានអមនូវសារសន្ទនារវាងលោក និង ភរិយារបស់បុរសរើសបានតុក្កតានោះថា តុក្កតានោះពិតជាកំពុងស្ថិតនៅក្នុងដៃរបស់គ្រួសារគាត់ ហើយគ្រួសារគាត់ស្រឡាញ់តុក្កតានោះណាស់។
មិនត្រឹមតែប៉ុណ្ណោះ តាមសំណេរពេញលេញរបស់លោក សុខ រ៉ាស៊ី ក៏បានឱ្យដឹងបន្ថែមថា ៖ «អរគុណ បងម្ចាស់តុក្កតា បងប្រុស បងស្រី គាត់ឆាតមកខ្ញុំហើយ គាត់ឆាតមកខ្ញុំខ្លាចខ្ញុំចាញ់បោកអ្នកដទៃ! គាត់មិនកាដូរជូនខ្ញុំទេ។ គាត់ប្រាប់ថាតុក្កតានេះ កូនគាត់ស្រឡាញ់ណាស់ ទោះឱ្យតម្លៃប៉ុនណាក៏មិនស្មើ! វាមានសារសំខាន់សម្រាប់ជាតិ កាន់តែមានតម្លៃសម្រាប់គ្រួសារគាត់ដូចគ្នា!»៕