តស់! មកស្គាល់កីឡាទាំង ១៤ ប្រភេទ នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដើមខែក្រោយ
ក្រោយពីព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ បានបញ្ចប់ទៅដោយរលូន ព្រឹត្តិការណ៍បន្ទាប់ដែលនឹងត្រូវប្រារព្ធឡើងគឺ ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែលមានការចូលរួមពីសំណាក់ប្រទេសទាំង ១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ នៅប្រទេសកម្ពុជា នឹងមានកីឡាចំនួន ១៤ ប្រភេទចូលរួម ដោយក្នុងនោះ ១៣ ប្រភេទកីឡា គឺជាការប្រកួតដណ្ដើមមេដាយជាផ្លូវការ ហើយមួយប្រភេទកីឡាទៀតជាការប្រកួតសម្ដែង។ ដោយឡែក កីឡាទាំង ១៤ ប្រភេទ ដែលនឹងត្រូវប្រកួតនោះមានដូចជា ៖
១. កីឡាជនពិការ អត្តពលកម្ម
២. កីឡាជនពិការ វាយសី
៣. កីឡាជនពិការ ប៊ូស្យា
៤. កីឡាជនពិការ អុក
៥. កីឡាជនពិការ បាល់បោះពិការភ្នែក
៦. កីឡាជនពិការ បាល់ទាត់ (ម្ខាងមាន ៥ នាក់)
៧. កីឡាជនពិការ បាល់ទាត់ (ម្ខាងមាន ៧ នាក់)
៨. កីឡាជនពិការ យូដូ
៩. កីឡាជនពិការ លើកទម្ងន់
១០. កីឡាជនពិការ ហែលទឹក
១១. កីឡាជនពិការ វាយកូនឃ្លីលើតុ
១២. កីឡាជនពិការ បាល់ទះអង្គុយ
១៣. កីឡាជនពិការ បាល់បោះជិះរទេះ
១៤. កីឡាជនពិការ អេឡិចត្រូនិច (កីឡាប្រកួតសម្ដែង)
គួរបញ្ជាក់ដែរថា រហូតមកដល់ពេលនេះបណ្ដាប្រទេសអាស៊ានទាំង ១១ បានចុះឈ្មោះអត្តពលិក និង ប្រតិភូរបស់ខ្លួនរួចរាល់ហើយ ដោយមានចំនួនសរុបប្រមាណជា ២០០០ នាក់ ហើយកម្ពុជាបានត្រៀមអត្តពលិកចំនួន ២៣៦ នាក់។ យ៉ាងណាមិញ កាលពីអាស៊ានប៉ារ៉ាហ្គេម លើកទី ១១ ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌូនេស៊ី កម្ពុជាឈរចំណាត់ថ្នាក់លេខ ៧ ជាមួយនឹងមេដាយមាសចំនួន ៧ ប្រាក់ ១០ និង សំរឹទ្ធ ១១៕