យុវជនចាប់បានមេដាយប្រាក់ ដែលកីឡាករថៃគប់ចោល និយាយយ៉ាងមុតមាំថា «គេមិនឱ្យតម្លៃ តែខ្ញុំក៏មិនឱ្យវាធ្លាក់ដល់ដី»
ក្រោយពីបញ្ចប់ការប្រកួតដណ្ដើមមេដាយមាសរវាងក្រុមបាល់ទាត់ជម្រើសជាតិថៃ និង ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ២២ ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ គឺបានទៅលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៥ ទល់ ២ ទៅលើក្រុមជម្រើសជាតិថៃ។
យ៉ាងណាមិញ ក្រោយប្រកួតចប់ និងបានរៀបចំបំពាក់មេដាយ ព្រមទាំងឱ្យតុក្កតាស៊ីហ្គេមជាកាដូអនុស្សាវរីយ៍ពីកម្ពុជា ជាម្ចាស់ផ្ទះរួចហើយ គេសង្កេតឃើញថា កីឡាករថៃម្នាក់ឈ្មោះថា Jonathan Khemdee ក៏បានយកមេដាយប្រាក់ និងតុក្កតា ដែលជាវត្ថុអនុស្សាវរីយន៍នោះទៅបោះចោល បណ្ដាលឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះតែទង្វើនេះបានបង្ហាញការមិនគោរព និង មិនឱ្យតម្លៃចំពោះម្ចាស់ផ្ទះ ព្រមទាំងមិនឱ្យតម្លៃចំពោះមេដាយ ដែលខ្លួនដណ្ដើមដោយសមត្ថភាព។
ជាមួយគ្នានេះដែរ ទាំងមេដាយ និង តុក្កតាអនុស្សាវរីយ៍នោះ ក៏ត្រូវបានអ្នកគាំទ្របាល់ទាត់កម្ពុជា ដែលអង្គុយនៅកន្លែងទស្សនាចាប់បាន និង រក្សាទុកយ៉ាងល្អ។ ហើយថ្មីៗនេះគេបានរកឃើញយុវជនម្នាក់ ដែលបានរើសមេដាយប្រាក់នោះយកមករក្សា។
ជាក់ស្ដែង យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ Chhay Sathya បានបង្ហោះសារភ្ជាប់ជាមួយរូបភាព ដោយបង្ហាញថា ខ្លួនស្រឡាញ់មេដាយប្រាក់នោះខ្លាំងណាស់ ព្រោះវាជាវត្ថុតំណាងឱ្យជាតិខ្មែរទាំងមូល ដោយក្នុងអត្ថបទសំណេរ យុវជនរូបនេះបានរៀបរាប់ថា ៖ «មេដាយប្រាក់ Sea Games ដែលកីឡាករថៃឈ្មោះ Jonathan Khemdee បានគប់ចោលនោះ នៅពេលនេះវាស្ថិតនៅជាមួយខ្ញុំ។ ខ្ញុំស្រឡាញ់មេដាយនេះណាស់ ព្រោះវាបានរំលេចនូវរូបអង្គរវត្ត និង រូបតំណាងជាតិផ្សេងៗ ទោះបីគេគប់ចោលមិនឱ្យតម្លៃ មេដាយនេះក៏ដោយ ក៏ខ្ញុំមិនឱ្យវាធ្លាក់ដល់ដីបានដែរ ព្រោះមេដាយនេះតំណាងឱ្យដួងព្រលឹងជាតិខ្មែរខ្ញុំទាំងមូល»៕