(វីដេអូ) ក្ដៅគគុក! វីដេអូប៉ះទង្គិចគ្នាស្ដែងៗ រវាងគ្រូបង្វឹក និង កីឡាករបម្រុងក្រុមជម្រើសជាតិថៃ និង ឥណ្ឌូនេស៊ី
ការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមបាល់ទាត់ជម្រើសជាតិ ឥណ្ឌូនេស៊ី និង ក្រុមបាល់ទាត់ជម្រើសជាតិថៃ ក្នុងការប្រកួតវិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ នេះ បានឈានដល់វគ្គផ្ដាច់ព័្រត្រនៅយប់ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៣ នេះហើយ នាពហុកីឡដ្ឋានជាតិអូឡាំពិក។
នៅក្នុងការប្រកួតតង់ទី ១ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានទាត់បំប៉ោងសំណាញ់ទី ២-០ ជម្រើសជាតិ ថៃ។ ដោយឡែកសម្រាប់លទ្ធផលផ្លូវការពេលចប់ការប្រកួតចំនួន ២ តង់ ក្រុមជម្រើសជាតិ ថៃ បានតាម ២-២ លើក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី ដែលធ្វើឱ្យក្រុមបាល់ទាត់ទាំងពីរមានពិន្ទុស្មើគ្នា។
នៅក្នុងនាទីថែមម៉ោង ១៥ នាទីលើកទី ១ ដើម្បីស្វែងរកជើងឯកឈ្នះមេដាយមាស ក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី បានរកគ្រាប់បាល់ ១ គ្រាប់បន្ថែមទៀតលើក្រុមជម្រើសជាតិថៃ ដែលលទ្ធផលចប់ការប្រកួត ឥណ្ឌូនេស៊ី ៣-២ ថៃ។
តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលបំផុត នៅគ្រាប់ទី ៣ របស់ ឥណ្ឌូនេស៊ី ធ្វើឱ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងក្រុមកីឡាករបម្រុង និង គ្រូបង្វឹករបស់ក្រុមជម្រើសជាតិទាំង ២ បានវាយគ្នាពេញទីលាន៕