ក្ដៅៗ! លោកជំទាវ ស៊ន សៀវម៉ី ប្រកាសថា «នេះជាមេដាយចុងក្រោយរបស់ខ្ញុំសម្រាប់ប្រទេសជាទីស្រឡាញ់របស់ខ្ញុំ»
ម្ចាស់មេដាយមាសតេក្វាន់ដូដ៏ឆ្នើម នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ គឺកីឡាការិនី ស៊ន សៀវម៉ី បានប្រកាសនៅលើគណនីហ្វេសប៊ុក និង អ៊ីនស្ដាក្រាមផ្លូវការរបស់ខ្លួននៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ ថា នេះជាលើកចុងក្រោយហើយ ដែលនាងចូលរួមប្រកួតដណ្ដើមមេដាយជូនប្រទេសកម្ពុជា។
លោកជំទាវ ស៊ន សៀវម៉ី បានបង្ហោះរូបភាព ស្ដែងពីទិដ្ឋភាពដែលលោកជំទាវបានប្រកួតឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ លើវិញ្ញាសាតេក្វាន់ដូ WT ដែលបានយកឈ្នះលើកីឡាការិនីវៀតណាម កាលពីថ្ងៃទី ១៤ ខែឧសភា កន្លងទៅ ព្រមទាំងរៀបរាប់បញ្ជាក់ថា ៖ «នេះជាមេដាយចុងក្រោយរបស់ខ្ញុំសម្រាប់ប្រទេសជាទីស្រឡាញ់របស់ខ្ញុំ»។
ចាប់តាំងពីលោកជំទាវ ស៊ន សៀវម៉ី ចូលរួមប្រកួតដណ្ដើមមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ ២០១៦ មក កីឡាការិនីតេក្វាន់ដូរូបនេះ បានផ្ដួលគូប្រកួត ហើយដណ្ដើមបានមេដាយមាសសរុបចំនួន ៤ មកហើយ ធ្វើឱ្យប្រជាជនកម្ពុជាទាំងមូលមានមោទកភាពចំពោះលោកជំទាវជាខ្លាំង។ តែយ៉ាងណា លោកជំទាវ បានប្រកាសហើយថា នេះជាមេដាយចុងក្រោយសម្រាប់ជាតិមាតុភូមិ ដែលមានន័យថា នៅឆ្នាំក្រោយៗ លោកជំទាវលែងចូលរួមប្រកួតទៀតហើយ៕