មង្គល ទីណា លូកមាត់និយាយប៉ុន្មានម៉ាត់ ក្រោយផ្ទុះការវែកញែករឿងសំបុត្រចូលទស្សនាព្រឹត្តិការណ៍បិទស៊ីហ្គេម
ប្រធានបទសំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍បិទស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងផ្ទុះការវែកញែក បញ្ចេញយោបល់ព្រោងព្រាតពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយម្នាក់ៗចង់បានសំបុត្រទៅទស្សនានៅពហុកីឡដ្ឋានមរតកតេជោផ្ទាល់ ព្រោះរយៈពេល ៦៤ ឆ្នាំមកហើយ ដែលកម្ពុជាទើបទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ងាកមកសំបុត្រចូលទស្សនាព្រឹត្តិការណ៍មួយនេះ អ្នកដែលទទួលបានសំបុត្រ ក៏បានបង្ហោះបង្ហាញមិត្តភក្ដិក្នុងហ្វេសប៊ុក និង ត្រៀមខ្លួនដើម្បីទៅទស្សនាផ្ទាំងទស្សនីយភាពនៃថ្ងៃបិទកីឡាមួយនេះ ប៉ុន្ដែសម្រាប់អ្នកមិនទទួលបានសំបុត្រ ក៏ឃើញបង្ហោះសារអាក់អន់ស្រពន់ចិត្តព្រោងព្រាត។
ឃើញដូច្នេះ តារាចម្រៀង មង្គល ទីណា បានបញ្ចេញមតិផ្ទាល់ខ្លួនលើហ្វេសប៊ុកផេកថា ៖ «រយៈពេល ៦៤ ឆ្នាំ ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះមិនថាខ្ញុំ ឬក៏បងប្អូនជាច្រើនពិតជាចង់ចូលរួមទស្សនាដោយផ្ទាល់ណាស់! ថ្ងៃបិទ ១៧ ឧសភា ក៏មកដល់ អ្នកមានសំបុត្រចូលរួម ឬមិនមានសំបុត្រក៏កំពុងរង់ចាំថ្ងៃពិសេសនេះដូចគ្នា។ អ្នកមានសំបុត្រក៏រីករាយ ហើយអ្នកមិនមានក៏អាចនឹងស្តាយ ដែលមិនបានចូលរួមដោយផ្ទាល់ និង អាចនឹងអាក់អន់ចិត្តថាហេតុអ្វីគេបាន យើងមិនបាន! តែយ៉ាងណាកម្ពុជាប្រឹងប្រែងនៃការរៀបចំណាស់ នៃការធ្វើឱ្យព្រឹត្តិការណ៍នេះកើតឡើង។ ប្រជាជនកម្ពុជា អ្នកអស្ចារ្យណាស់ មិនថាទស្សនាផ្ទាល់ ឬតាមទូរទស្សន៍តាមទូរស័ព្ទក៏ដោយ ក៏យើងមានមោទកភាពណាស់ហើយ។
សុំទោសបងប្អូនជាមុន បើការលើកឡើងខាងលើខុស ឬត្រូវ តែគោលបំណងរបស់ខ្ញុំ កាលៈទេសៈនេះ យើងមានតែអំណរសាទរនូវអ្វីដែលកម្ពុជាកំពុងតែធ្វើបាទ ដោយក្តីគោរពពីខ្ញុំបាទ មង្គល ទីណា»៕