អស្ចារ្យបំផុត! កីឡាការិនីខ្មែរ-អាមេរិក ថិប កាសាន់ទ្រីនីកូល ផ្ដួលកីឡាការិនីវៀតណាម ឈ្នះមេដាយមាសជូនកម្ពុជាហើយ
នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ នេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ បានបន្តការប្រកួតវិញ្ញាសាកីឡាប្រភេទតេក្វាន់ដូ WT ដែលបានផ្ដើមចាប់ពីម៉ោង ២ រសៀល នៅទីតាំងបរិវេណ OCIC ជ្រោយចង្វារ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅលើប្រភេទនារីទម្ងន់ក្រោម ៥៣ គីឡូក្រាម, នារីទម្ងន់ក្រោម ៦៧ គីឡូក្រាម បុរសទម្ងន់ក្រោម ៦៣ គីឡូក្រាម និង បុរសទម្ងន់ក្រោម ៨០ គីឡូក្រាម ។
ជាមួយនឹងទស្សនិយភាពនៃការប្រកួតកីឡាប្រភេទតេក្វាន់ដូ WT ដ៏ជក់ចិត្តនេះ គេសង្កេតឃើញកីឡាការិនីខ្មែរ-អាមេរិក ថិប កាសាន់ទ្រីនីកូល ក៏បានតំណាងឱ្យកម្ពុជាចូលរួមប្រកួតដែរ ដើម្បីដណ្ដើមយកមេដាយជូនជាតិ លើប្រភេទកីឡាតេក្វាន់ដូ WT ប្រភេទទម្ងន់ ៦២ គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣។
ជាលទ្ធផល កីឡាការិនីតេក្វាន់ដូ WT ខ្មែរ-អាមេរិក ថិប កាសាន់ទ្រីនីកូល បានយកឈ្នះកីឡាការិនីមកពីប្រទេសហ្វីលីពីនដោយពិន្ទុ ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស។
នៅក្នុងវគ្គផ្ដាច់ព្រ័ត្រដ៏ស្វិតស្វាញនេះ កីឡាការិនីតេក្វាន់ដូ WT ខ្មែរ-អាមេរិក ថិប កាសាន់ទ្រីនីកូល បានធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោកងរំពងប្រកបដោយភាពមោទកភាពចំពោះនាង ខណៈកីឡាការិនីរូបនេះ ធ្វើបានយ៉ាងល្អ ដោយអាចយកឈ្នះលើគូប្រកួត ក្លាយជាម្ចាសមេដាយមាសដោយជោគជ័យ៕