ស្វាមីជំទាវ ស៊ន សៀវម៉ី ប្រៀនប្រដៅកូនស្រីយ៉ាងកក់ក្ដៅ ក្រោយឧត្តមភរិយាឈ្នះមេដាយមាសជូនជាតិ
កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បានក្លាយជាម្ចាស់មេដាយមាសតេក្វាន់ដូដ៏ឆ្នើមនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ក្រោយប្រកួតយកឈ្នះកីឡាការិនីឡាវ ឈ្មោះ Sonesavnh Sirimanotham នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ នេះ នៅទីតាំងបរិវេណ OCIC ជ្រោយចង្វា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជ័យជម្នះរបស់កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បានធ្វើឱ្យប្រជាជនកម្ពុជាទាំងមូល មានមោទកភាពចំពោះនាងជាថ្មីម្ដងទៀត ខណៈនេះជាមេដាយមាសទី ៤ ហើយ ដែលកីឡាការិនីគ្រាប់ពេជ្រតេក្វាន់ដូរបស់កម្ពុជារូបនេះ ដណ្ដើមបានក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍។
ងាកទៅលោក កែវ ដេវីត ដែលជាស្វាមីសំណព្វចិត្តរបស់លោកជំទាវ ស៊ន សៀវម៉ី វិញ លោកពិតជាមានមោទកភាពជាខ្លាំងចំពោះឧត្តមភរិយា ដែលឈ្នះមេដាយមាសជូនជាតិមាតុភូមិ។ ក្នុងនោះលោក ក៏ឆ្លៀតឱកាសនេះ ប្រៀនប្រដៅកូនស្រីពោរពេញដោយភាពកក់ក្ដៅថា ៖ «សង្ឃឹមថារូបភាពនេះអាចទុកជាការចងចាំមួយសម្រាប់កូន អ្នកម្ដាយរបស់កូនជាមោទកភាពសម្រាប់ប្រទេសជាតិ 🇰🇭និង កិត្ដិយសណាស់សម្រាប់ក្រុមគ្រួសាររបស់យើង។ ទោះលំបាក ឈឺចាប់ នឿយហត់ប៉ុនណាក៏គាត់តស៊ូមិនឈប់និង មិនដែលរអ៊ូឡើយ ចឹងបើថ្ងៃក្រោយពេលដែលកូនលំបាកបំផុត កូនត្រូវតែរឹងមាំដូចម្ដាយរបស់កូន។ អបអរសាទរអូនសម្រាប់ជ័យជម្នះមួយនេះ រីករាយទិវាម្ដាយពិភពលោក កែវ ពេជ្រសិរីមរកត – DevidJessi»៕