ផ្ដើមពីហ្វេនតាំងអាយុ ១០ ឆ្នាំ កីឡាករកូនកាត់ លឹម អារុណ ទម្លាយអារម្មណ៍ពិតទៅកាន់លោកគ្រូ Honda យ៉ាងចាក់ដោត
កាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមជម្រើសជាតិកម្ពុជា U22 បានប៉ះគ្នាជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយលទ្ធផលគឺ ១ ទល់នឹង ២ ដែលធ្វើឱ្យក្រុមជម្រើសជាតិកម្ពុជាត្រូវធ្លាក់ចេញពីស៊ីហ្គេម។
ក្រោយពីបញ្ចប់ការប្រកួត ស្របពេលជាមួយគ្នានោះវាក៏ជាថ្ងៃដែលគ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Keisuke Honda បានប្រកាសថា ខ្លួនបានបញ្ចប់កុងត្រាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ទាប់ពីរួមការងារជាមួយគ្នាអស់ ៥ ឆ្នាំ។
ជាមួយគ្នានោះ នារាត្រីដដែល កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា កូនកាត់ខ្មែរ-ញូសេឡែន វ័យ ១៩ ឆ្នាំ លឹម អារុណ រ៉េយមិន បានបង្ហោះរូបថតព្រមទាំងភ្ជាប់ ជាមួយនឹងសារផ្ញើរជូនគ្រូបង្វឹករបស់ខ្លួន លោក ហុងដា យ៉ាងមានអត្ថន័យជាភាសាអង់គ្លេស ដោយមានន័យជាភាសាខ្មែរថា ៖ «តាំងពីខ្ញុំអាយុ ១០ ឆ្នាំមកម្ល៉េះ ខ្ញុំតែងតែតាមដាន និង តាមមើលលោកគ្រូ Keisuke Honda ជាពិសេសក្នុងអំឡុងពេលរបស់គាត់ជាមួយនឹងក្លឹបបាល់ទាត់ AC Milan និង កំឡុងពេលលោកលេងឱ្យក្រុមជម្រើសជាតិជប៉ុន»។
កីឡាករ លឹម អារុណ បានបន្តទៀតថា ៖ «ខ្ញុំពិតជាមានសំណាងណាស់ ដែលមានឱកាសលេងឱ្យក្រុមជម្រើសជាតិកម្ពុជាក្រោមការបង្វឹក និង ការដឹកនាំរបស់លោកគ្រូជាច្រើនដង ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះដែលខ្ញុំបានចូលមក។ ខ្ញុំបានរៀនសូត្រ និង ទទួលបានចំណេះដឹង បទពិសោធជាច្រើនពីលោកគ្រូ ហើយខ្ញុំពិតជាសំណាង និង ពិតជាដឹងគុណខ្លាំងណាស់។ ខ្ញុំនឹងប្រើអ្វីដែលគាត់បានបង្រៀន ដើម្បីជួយឱ្យកាន់តែប្រសើរឡើង ជាមួយនឹងអាជីពបាល់ទាត់របស់ខ្ញុំឆ្ពោះទៅមុខបន្តទៀត»។
មិនភ្លេចជាមួយគុណស្រ័យនោះឡើយ ប្រុសស្អាត លឹម អារុណ បានបង្ហាញការអរគុណដ៏ស្មោះស្ម័គ្រទៅកាន់លោក ហុងដា បន្ថែមទៀតដោយបានរៀបរាប់ថា ៖ «អរគុណលោកគ្រូខ្លាំងណាស់ ហើយខ្ញុំសូមជូនពរឱ្យលោកគ្រូទទួលបានជោគជ័យកាន់តែខ្លាំងឡើងបន្ថែមទៀត នូវអាជីពរបស់លោកនាពេលខាងមុខ»៕