តម្បាញសូត្រខ្មែរ ១១ មុខដ៏ល្អប្រណីត ត្រៀមដាក់តាំងពិព័រណ៌នៅពាក់កណ្ដាលខែកុម្ភៈ
ថ្មីៗនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានលើកឡើងពីការតាំងពិព័រណ៌ផលិផលសូត្រខ្មែរចំនួន ១១ មុខនៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខ នៅឯសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។
ក្រសួងបានបញ្ជាក់ថា ផលិតផលទាំង ១១ មុខនោះរួមមាន កន្សែងសូត្រចំនួន ៤ និង សំពត់ហូលចំនួន ៥ ហើយក៏មានហូលពិតានចំនួន ២ ជាអំណោយផ្តល់ពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ ហើយសមុច្ច័យទាំងនេះមានប្រវត្តិនៅជាប់ជាមួយនឹងបុព្វបុរសខ្មែរជាយូរយារណាស់មកហើយ ប៉ុន្តែមួយផ្នែកធំវាត្រូវបានបំផ្លិចបំផ្លាញដោយសាររបបប៉ុលពត ហើយបច្ចុប្បន្នមិនសូវមានអ្នកនិយមប្រើទេ ទើបធ្វើឱ្យវិស័យតម្បាញហូលពិតានបានធ្លាក់ចុះ។ មិនតែប៉ុណ្ណោះការដាក់តាំងពិព័រណ៌វត្ថុដ៏មានតម្លៃទាំងនេះគឺ ក្នុងបំណងអភិរក្ស ថែរក្សាសិល្បៈតម្បាញហូលពិតានខ្មែរ ស្របពេលដែលចំនួនអ្នកប្រើប្រាស់ហូលពិតានក្នុងសង្គមខ្មែរសម័យថ្មីកំពុងថយចុះគួរឱ្យបារម្ភ និង ដើម្បីបង្ហាញដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យបានស្វែងយល់ពីកេរ្តិ៍ដំណែល ស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុក។
យ៉ាងណាមិញ ក្រុមអ្នកជំនាញផ្នែកប្រពៃណី និង វប្បធម៌ ក៏បានពន្យល់ទៀតថា ហូលពិតានមានលក្ខណៈពិសេសខុសពីហូលធម្មតា ព្រោះវាមានចងក្បាច់លើកគោមជារូបផ្សេងៗយ៉ាងពិសិដ្ឋ ដែលទាក់ទងទៅនឹងជំនឿសាសនា និង ពីបុរាណគេបានហាមអ្នកស្រុកមិនឱ្យយកហូលប្រភេទនេះទៅប្រើ ឬស្លៀកដូចហូលធម្មតាទេ ព្រោះការផលិតហូលពិតានមួយៗត្រូវការចំណាយពេលវេលាយូរត្រូវការកម្លាំងមនុស្សច្រើន បច្ចេកទេសចងគោម និង ប្រើវត្ថុធាតុដើមសុទ្ធសឹងផលិតចេញពីសរសៃសូត្រធម្មជាតិ និង ជ្រលក់ពណ៌ធម្មជាតិ ដែលផ្សំឡើងពីរុក្ខជាតិទៅតាមបច្ចេកទេសបុរាណ មិនប្រើសារធាតុគីមី។
គួរបញ្ជាក់ដែរថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ ៦០ ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានបើកដំណើរការតាំងពីអំឡុងខែមេសា ឆ្នាំ ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ទន្លេគង្គារ ដោយមានប្រទេសចំនួន ៦ ចូលរួមដូចជា ប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ក្នុងគោលបំណងថែរក្សាប្រពៃណីនៃការផលិតវាយនភណ្ឌក៏ដូចជាការបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និង ពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក ដែលមានរយៈពេលជាច្រើនសតវត្សមកហើយ៕
ប្រភព និង រូបភាពដោយ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ