ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងអង្គការផ្កាយសមុទ្រ និង ការិយាល័យមេធាវីអេណា និង សហការី
ភំ្នពេញ៖ កាលពីថ្ងៃទី ១៧ ខែមករា កន្លងទៅនេះ អង្គការផ្កាយសមុទ្រ និង ការិយាល័យមេធាវីអេណា និង សហការី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាក្នុងគោលបំណងបន្តកិច្ចសហការ ដើម្បីគាំទ្រដល់ការងាររបស់ អង្គការផ្កាយសមុទ្រ តាមរយៈការផ្តល់សេវាកម្មប្រឹក្សាផ្នែកច្បាប់ និង ពន្ធដារ ។
គួរបញ្ជាក់ផងដែរថា ការិយាល័យមេធាវីអេណា និង សហការី គឺជាការិយាល័យច្បាប់ឯករាជ្យមួយ ដែលបានចុះបញ្ជីជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ការិយាល័យច្បាប់នេះត្រូវបានបង្កើតឡើង ដោយមានបេសកកម្មដ៏រឹងមាំ ដែលធានាបានថាសេវាកម្មនីមួយៗ ដែលផ្តល់ជូនដល់អតិថិជនគឺមានភាពពេញលេញ និង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ មានគុណភាពខ្ពស់ និង ប្រកបដោយវិជ្ជាជីវៈ។ ដូច្នេះហើយបានជា ការិយាល័យមេធាវីអេណា និង សហការី តែងតែទទួលបានទំនុកចិត្តពីអតិថិជនរបស់ខ្លួនទាំងក្នុង និង ក្រៅប្រទេស។ ដោយហេតុថា អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន មិនត្រឹមតែទៅលើចំណេះដឹងផ្នែកច្បាប់ និង បទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបាននូវដំបូន្មានជាក់ស្តែងផងដែរ ដើម្បីឱ្យសមស្របទៅនឹងអាជីវកម្មរបស់ពួកគេ។ បច្ចុប្បន្ននេះ ការិយាល័យមេធាវីអេណា និង សហការី កំពុងតែអនុវត្តការងារផ្តោតលើផ្នែកពាណិជ្ជកម្ម និង បញ្ហាទាំងអស់ទាក់ទងនឹងសាជីវកម្ម ធនាគារ និង ហិរញ្ញវត្ថុ អចលនទ្រព្យ សំណង់ កិច្ចសន្យាពាណិជ្ជកម្ម អាជ្ញាប័ណ្ណអាជីវកម្ម និង អភិបាលកិច្ចសាជីវកម្ម រួមជាមួយនឹងការអនុវត្តវិវាទពាណិជ្ជកម្ម និង ផ្តោតលើវិវាទទាក់ទងនឹងកិច្ចសន្យាពាណិជ្ជកម្ម រចនាសម្ព័ន្ធវិនិយោគអចលនទ្រព្យ ការស្ដារប្រាក់កម្ចី និងវិវាទការងាររវាងនិយោជក និង និយោជិត ជាដើម ។
ហើយថ្មីៗនេះដែរ ការិយាល័យមេធាវីអេណា និង សហការី បានធ្វើការចុះអនុស្សារណៈយោគយល់គ្នា ជាមួយអង្គការផ្កាយសមុទ្រ ជាអង្គការក្រៅរដ្ឋាភិបាលដែលបានធ្វើការជាមួយនឹងវិស័យអប់រំ យុវជន និង កីឡា ដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារក្រីក្រ ជួបការលំបាក និងក្រុមគ្រួសាររបស់ពួកគេក្នុងប្រទេសកម្ពុជា តាមរយៈវិស័យអប់រំ ការថែទាំសុខភាព និងការលេងកីឡា ចាប់តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។
ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយការិយាល័យមេធាវីអេណា និង សហការី ស្ម័គ្រចិត្តជួយប្រឹក្សាយោបល់ផ្នែកច្បាប់ និង ពន្ធដារជូនដល់ អង្គការផ្កាយសមុទ្រ។ នៅកំឡុងនៃការចុះហត្ថលេខានេះ អ្នកស្រី ជួប វិច្ឆិកា ដែលជាប្រធានអង្គការផ្កាយសមុទ្រ ក៏បានបង្ហាញពីសេចក្តីរំភើបរីករាយ ដែលបានទទួលការគាំទ្រពី ការិយាល័យមេធាវីអេណា និងសហការី និង បន្តកិច្ចសហការជាមួយនឹងការិយាល័យនេះ ដើម្បីគាំទ្រដល់ការងាររបស់ អង្គការផ្កាយសមុទ្រផងដែរ។
ជាមួយគ្នានេះ លោកស្រីមេធាវី សុផាត ចាន់លក្ខិណា ជានាយកគ្រប់គ្រងនៃ ការិយាល័យមេធាវីអេណា និង សហការី ក៏បានមានប្រសាសន៍ក្នុងឱកាសបើកក្នុងពិធីចុះហត្ថលេខានេះថា ៖ «ការិយាល័យមេធាវីអេណា និង សហការី ពិតជាមានមោទកភាពយ៉ាងខ្លាំង ដែលបានរួមចំណែកធ្វើការជាមួយ អង្គការផ្កាយសមុទ្រ ក៏ដូចជាឧបត្ថម្ភគាំទ្រដល់កុមារដែលរស់នៅតាមតំបន់ក្រីក្រក្នុងទីក្រុងភ្នំពេញឱ្យទទួលបានការអប់រំ ដែលកុមារទាំងនោះមានភាពក្រីក្រខ្លាំង មិនមានលទ្ធភាពបានរៀនសូត្រ ឬ ត្រូវបង្ខំចិត្តបោះបង់ការសិក្សាដោយកត្តាជីវភាពក្រខ្សត់។
នៅក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ កុមារក្រីក្រទាំងនោះទទួលបាននូវចំណេះដឹង និង បំណិនជីវិតចាំបាច់ ដែលនឹងជួយពួកគេឱ្យធំធាត់ទៅជាមនុស្សពេញវ័យដែលមានទេពកោសល្យ មានសមត្ថភាព និងជាធនធានដ៏រឹងមាំសម្រាប់ជួយអភិវឌ្ឍន៍សង្គមជាតិ ។ ឆ្លៀតឱកាសនេះផងដែរ លោកស្រីក៏បានសំដែងការអបអរសាទរចំពោះ អង្គការផ្កាយសមុទ្រ ដែលបានសម្រេចនូវសមិទ្ធផលដ៏គាប់ប្រសើរនៅក្នុងឆ្នាំចាស់កន្លងផុតទៅផងដែរ»៕