មិនខ្ចីដេកបៀមទុក្ខយូរ! គ្រាន់តែប្រកាសចែកផ្លូវជាមួយស្វាមីភ្លាម Sunaree ដើរសប្បាយនឹងជីវិតជាស្ត្រីមេម៉ាយភ្លែត
ប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗនេះតារាសម្ដែងស្រីជើងចាស់ Sunaree Ratchasima បានប្រកាសចែកផ្លូវគ្នាជាមួយនឹងស្វាមីជនជាតិបារាំងហើយ ក្រោយពីរួមរស់នៅជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំ។ ក្នុងរយៈពេលដ៏មានអត្ថន័យនេះ គេឃើញតារាស្រីជើងចាស់រូបនេះរស់នៅយ៉ាងមានក្តីសុខ ព្រោះជារឿយៗគ្រួសារតារាគូនេះតែងបានបង្ហាញភាពផ្អែមល្ហែមឱ្យមហាជនបានឃើញពុំសូវជាដាច់ឡើយលើបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាម តែដោយសារបញ្ហាមួយចំនួនទើបធ្វើឱ្យអ្នកទាំងពីរពុំអាចបន្តដំណើរជីវិតទៅជាមួយគ្នាទៀតបាន ។
ក្រោយពីប្រកាសចែកផ្លូវគ្នាភ្លាមៗ តារាស្រី Sunaree ហាក់ជាកើតទុក្ខជាខ្លាំង ព្រោះស្វាមីក៏បែកបាក់បងស្រីបង្កើតក៏បាត់បង់ជីវិតទៀត ដែលនាំឱ្យតារាស្រីជើងចាស់រូបនេះដេកបៀមទុក្ខតែម្នាក់ឯង។ យ៉ាងណាមិញ ពេលវេលាបានធ្វើឱ្យតារាស្រី Sunaree ប្រសើរឡើងវិញម្តងបន្តិចៗ ដោយពេលនេះតារាស្រីរូបនេះអាចធ្វើចិត្តបានហើយ។
ពេលធ្វើចិត្តបានហើយ ថ្មីៗនេះគេឃើញតារាស្រី Sunaree បានធ្វើដំណើរកម្សាន្តដល់ប្រទេសបារាំង ដោយបានបង្ហាញនូវទឹកមុខញញឹមសប្បាយរីករាយ ទោះបីលោកស្រីទើបតែចែកផ្លូវនឹងស្វាមីមានឈ្មោះជាស្ត្រីមេម៉ាយក៏ដោយ។ ជាការពិត ទន្ទឹមនឹងស្ពាយឈ្មោះជាស្ត្រីមេម៉ាយនេះ តារាស្រី Sunaree ហាក់ពុំសូវជាខ្វាយខ្វល់ច្រើនដូចមុនឡើយ លោកស្រីបានតែងខ្លួនយ៉ាងស្រស់ស្អាត ដើរលម្ហែកាយ បង្ហោះរូបភាពស្អាតៗ ដែលនាំឱ្យមហាជនផ្ទុះការសរសើរព្រោងព្រាត៕