អបអរសាទរ! ត្រីបបែលយក្សកម្ពុជា ទម្ងន់ជាង ៣០០ គីឡូ ត្រូវ Guinness World Records ទទួលស្គាល់ជាត្រីបបែលធំជាងគេក្នុងពិភពលោក
កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ ត្រីបបែលយក្សទឹកសាបរបស់កម្ពុជា ទម្ងន់ជាង ៦០០ ផោន ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។
នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានបង្ហោះសារភ្ជាប់ជាមួយរូបឱ្យដឹងជាសាធារណៈថា ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (ប្រមាណជា ៣០០ គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គរបស់កម្ពុជា បានកឹបស្លាក និង ដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ហើយថាជា ត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។
មិនតែប៉ុណ្ណោះ ប្រភពដដែលក៏ដូចជាហ្វេសប៊ុកផេក Wonders of the Mekong បានឱ្យដឹងដែរថា ចាប់តាំងពីធ្វើការដោះលែងត្រីបបែលយក្សនោះមក កម្ពុជាបានប្រមូលព័ត៌មាន ដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទួលសញ្ញា acoustic ហើយវាក៏នឹងជួយកម្ពុជា ក្នុងការការពារប្រភេទសត្វជិតផុតពូជនេះផងដែរ។
គួរដឹងដែរថា កាលពីពាក់កណ្ដាលឆ្នាំ ២០២២ កន្លងទៅ អ្នកនេសាទនៅភាគខាងជើងនៃប្រទេសកម្ពុជា បានធ្វើការជាមួយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ក៏បានរកឃើញត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០ គីឡូក្រាម នៅជិតកោះដាច់ស្រយាលមួយក្នុងទន្លេមេគង្គ ហើយក៏ត្រូវបានលែងចូលទន្លេវិញ៕