ងាយៗ! កាន់តែឯកសារ ២ មុខនេះ ចង់ប្ដូរអាសយដ្ឋាន អត្តសញ្ញាណប័ណ្ណពីខេត្តមកភ្នំពេញ អត់ពិបាកទេ
យោងតាមហ្វ៊េសប៊ុកផេករបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង បានបង្ហោះនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ នេះ ឱ្យបានដឹងពីករណីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចស្នើសុំប្តូរអាសយដ្ឋានថ្មីបាន។
តាមរយៈគណនីរបស់ឯកឧត្តម បានបញ្ជាក់ឱ្យបានដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺអាចស្នើសុំប្តូរអាសយដ្ឋានថ្មីបាន ដោយភ្ជាប់សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារថ្មី ពេលមកបំពេញបែបបទធ្វើថ្មី ក្នុងករណីផុត ឬមុនផុតសុពលភាពតិចជាង ឬត្រឹម ៩០ ថ្ងៃ។
គួរឱ្យដឹងផងដែរថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ នៅសាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2 ។ សាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2 មានបម្រើសេវាបន្ថែមថ្ងៃសៅរ៍ និងអាទិត្យ លើកលែងតែថ្ងៃបុណ្យជាតិ៕