សុខៗ លោក មាស រិទ្ធី បង្ហោះរូបថតថ្ងៃរៀបការ រួចព្រលយពាក្យសម្ដីពាក់ព័ន្ធនឹងការកិបកេង ច្រណែនឈ្នានីសក្នុងសង្គម
និយាយចំពោះពិធីករព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី ដែលមហាជនមិនត្រឹមតែចូលចិត្តតាមដានទស្សនាការផ្សាយផ្ទាល់ និង ការអត្ថាធិប្បាយព័ត៌មានរបស់លោកនោះទេ ពិធីករព័ត៌មានដ៏ល្បីរូបនេះក៏ត្រូវបានមហាជនចូលចិត្តតាមដានទាក់ទងនឹងជីវិតឯកជនរបស់លោកដែរ ដោយតែងបង្ហាញពីរឿងរ៉ាវផ្សេងៗលើគណនីហ្វេសប៊ុក។
ជាក់ស្ដែង ថ្មីៗនេះ ពិធីករព័ត៌មានលោក មាស រិទ្ធី ក៏បានឃើញបង្ហោះ រូបភាពជាច្រើនសន្លឹកស្ដែងពីជីវិតឯកជនរបស់លោក គឺរូបភាពរបស់លោក និង ភរិយាជាទីស្រឡាញ់ ភ្ជាប់ជាមួយសារមួយគួរឱ្យចាប់អារម្មណ៍និយាយទាក់ទងនឹងរឿងមិត្តភាព ព្រមទាំងចោទសំណួរពីរឿងអ្នកសាងអាក្រក់ និង កិបកេងច្រណែនឈ្នានីសគ្នា។
ក្នុងនោះ លោក មាស រិទ្ធី បានសរសេររៀបរាប់ថា ៖ «កម្រងរូបភាពអនុស្សាវរីយ៍កាលពេលរៀបការ និង ក្រោយពេលរៀបការ វ័យកាន់តែទៅមុខពេលវេលាមិនចាំយើងទេ មិត្តខ្លះបែកដោយការងារ ឬ មុខរបរផ្សេងៗគ្នាមិត្តខ្លះទៀតបែកជារៀងរហូត (ស្លាប់) ឱជីវិត តើសាងអាក្រក់ដើម្បីអ្វី? តើកិបកេងច្រណែនឈ្នានីសគ្នាដើម្បីអ្វី? មែនពិតហើយ ភ្លេចគិត (សត្វលោកខុសពីសត្វស្លាប) សូមពិចារណាដោយការគិត»៕