ធ្លាប់អើត-កមើលតាមចម្រឹងបង្អួចផ្ទះគេ ពេលជួបផ្ទាល់ អៀង វិច្ឆ័យ ស្រាប់តែនិយាយពីអ្នកនាង អម្ពរ ទេវី និង លោក ទេព រិន្ទដារ៉ូ យ៉ាងនេះ
ប្រិយមិត្តដែលកើតនៅជំនាន់ ៨០-៩០ កាលនៅក្មេង ប្រាកដជាល្បីខ្លាំងចំពោះកំពូលតារាភាពយន្តជាច្រើនដួង មានដូចជាលោក ទេព រិន្ទដារ៉ូ, អ្នកនាង អម្ពរ ទេវី, នារី រ័ត្នគន្ធា, អ្នកនាង កែវ កល្យាណ, លោក ហម ឈរ៉ា និង កំពូលតារាភាពយន្តល្បីៗជាច្រើនដួងទៀត ដែលក្នុងចំណោមកំពូលតារាភាពយន្តទាំងនោះ មួយចំនួននៅតែបន្តអាជីពសិល្បៈ ចំណែកមួយចំនួនទៀតបានចាកចេញទៅប្រើជីវិតឯកជនយ៉ាងមានក្ដីសុខ។
ងាកមកអ្នកនាង អម្ពរ ទេវី ដ្បិតថាអ្នកនាង អម្ពរ ទេវី បានដកខ្លួនទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី និង កូនៗច្រើនឆ្នាំហើយក្ដី ប៉ុន្ដែដោយសារបេះដូងស្រឡាញ់សិល្បៈ ម្ដងម្កាលអ្នកនាងនៅតែឆ្លៀតពេលវេលា ហោះមកស្រុកខ្មែរ ដើម្បីសម្ដែងរឿងភាគ និង រឿងដុំមួយចំនួន ដើម្បីបម្រើដល់អារម្មណ៍ទស្សនិកជន។
ជាក់ស្ដែងថ្មីៗនេះ អ្នកនាង អម្ពរ ទេវី ទើបតែបញ្ចប់ការថតខ្សែភាពយន្តភាគខ្នាតធំមួយ និង ធ្វើដំណើរត្រឡប់ទៅអាមេរិកវិញ តែមុននឹងចាកចេញ អ្នកនាង និង លោក ទេព រិន្ទដារ៉ូ ត្រូវបានអញ្ជើញជាកិត្តិយសឱ្យឡើងកម្មវិធីជជែកកម្សាន្ត 3Fun ដែលមានលោក អៀង វិច្ឆ័យ ជាពិធីករ។
រំឭកដល់លោក អៀង វិច្ឆ័យ ក្រោយបានជួប idols ទាំងពីរដោយផ្ទាល់ភ្លាម តារាប្រុសរូបនេះរំភើបរកថាមិនត្រូវ រហូតបញ្ចេញអារម្មណ៍កាលពីក្មេងថា ៖ «គាត់ចូលសម្ដែង ខ្ញុំទើបនឹងកើត ធ្លាប់អើត-កមើលគាត់សម្ដែងក្នុងទូរទស្សន៍តាមចម្រឹងបង្អួចផ្ទះគេ រីករាយដែលបានជួបអាយដលទាំង ២ នៅខាងក្រៅរួសរាយគួរឱ្យគោរព»៕