ខ្ទរខ្ទារខ្លាំងជំនាន់ឆ្នាំ ៨០-៩០ ពេលនេះអ្នកស្រី ៧ ហ៊ុន កំពុងសំងំរស់នៅយ៉ាងសាមញ្ញ ឯប្រទេសនេះ
កន្លងទៅនេះ តារាចម្រៀង និង តារាសម្ដែងជាច្រើនបានចាកចេញពីសិល្បៈទៅរស់នៅឯប្រទេសផ្សេងៗ និង មានតារាខ្លះចាកចេញដោយអាថ៌កំបាំង រហូតធ្វើឱ្យមហាជនជាច្រើនភាន់ច្រឡំថាតារាទាំងនោះបានទទួលមរណភាពទៀតផង ប៉ុន្តែយ៉ាងណាទាំងអស់នេះគ្រាន់តែជាពាក្យចចាមអារ៉ាមឮតៗគ្នាប៉ុណ្ណោះ ។
ថ្ងៃនេះដែរ យើងនឹងបង្ហាញពីអតីតតារាច្រៀងជើងចាស់យេយេមួយរូបឈ្មោះ នូ ភិជ្ជរ៉ា ហៅ ៧ ហ៊ុន ដោយអ្នកស្រីបានចាកចេញឆ្ងាយពីវិស័យសិល្បៈចម្រៀងក្នុងស្រុករាប់ឆ្នាំមកហើយ ដោយបានទៅប្រើប្រាស់ជីវិត និង រស់នៅយ៉ាងសាមញ្ញលើទឹកដីសហរដ្ឋអាមេរិក ។
អ្នកស្រី នូ ភិជ្ជរ៉ា ហៅ ៧ ហ៊ុន គឺជាតារាចម្រៀងដ៏ល្បីល្បាញ យេយេ និង សិចស៊ី កាលពីទសវត្សរ៍ ៨០-៩០ ជំនាន់ជាមួយតារាចម្រៀងជើងចាស់ជាច្រើនមានដូចជា អ្នកស្រី អ៊ុន សុផល ហ៊ឹម ស៊ីវន សុខ សុខុម សន ចរិយា និង ឆោម ឆវិន ។ ល។ អ្នកស្រី នូ ភិជ្ជរ៉ា ហៅ ៧ ហ៊ុន បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅឯក្រៅប្រទេសជាង ២០ ឆ្នាំមកហើយ រហូតធ្វើឱ្យទស្សនិកជនខ្លះសឹងតែភ្លេចមុខ និង ភ្លេចឈ្មោះអ្នកស្រី ព្រោះពេលវេលានៃការបាត់មុខអ្នកស្រីពីវិថីនៃសិល្បៈក្នុងស្រុកយូរឆ្នាំពេក ។ នេះបើតាមការលើកឡើងរបស់អ្នកនាង ស៊ិន ឧត្តមផល្លា តាមរយៈផេក Movie star Research កាលពីកន្លងទៅនេះ ។
សព្វថ្ងៃនេះអ្នកស្រី នូ ភិជ្ជរ៉ា ហៅ ៧ ហ៊ុន កំពុងតែរស់នៅផ្ញើព្រេងវាសនាឯទឹកដីសហរដ្ឋអាមេរិក ហើយក្រៅពីការងារប្រចាំថ្ងៃនោះ អ្នកស្រីនៅតែបន្តអាជីពជាតារាចម្រៀងនៅទីនោះដដែល ។ បើប្រៀបធៀបអ្នកស្រីកាលពី ២០ ឆ្នាំមុន និង បច្ចុប្បន្ននេះ អ្នកស្រី នូ ភិជ្ជរ៉ា ហៅ ៧ ហ៊ុន នៅតែមានភាពស្រស់ស្អាត និង សិចស៊ីយេយេដដែល ។
គួរបញ្ជាក់ផងដែរថា កាលពីទសវត្សរ៍ ៨០-៩០ តារាចម្រៀងរបស់ខ្មែរយើង មានមិនសូវច្រើនប៉ុន្មានឡើយ ហើយជំនាន់នោះអ្នកស្រី នូ ភិជ្ជរ៉ា ហៅ ៧ ហ៊ុន ត្រូវបានអ្នកមហាជនអ្នកគាំទ្រអាចចាត់ទុកថាជាកំពូលតារាចម្រៀងដ៏សិចស៊ី និង យេយេល្បីល្បាញម្នាក់ ក្នុងចំណោមតារាចម្រៀងជើងចាស់ដែលមានឈ្មោះដូចដែលបានរៀបរាប់ខាងលើនេះ ៕