តារាស្រីកូរ៉េ ២ ដួងនេះ ផ្ទុះព័ត៌មានចចាមអារ៉ាមត្រៀមចូលរោងការជាមួយ Lee Minho ក្រោយគេឃើញភស្តុតាងមួយ
ប្រិយមិត្តច្បាស់ជាបានស្គាល់មកហើយពីតារាសម្ដែងប្រុសកូរ៉េរូបសង្ហា Lee Min-ho ដែលជាតួឯកប្រុសដ៏សង្ហាថតសម្ដែងក្នុងរឿងភាគកូរ៉េដ៏ល្បីល្បាញ «Boys Over Flowers» កាលពីឆ្នាំ ២០០៩ រហូតមកដល់ឆ្នាំ ២០២៣ នេះ ប្រជាប្រិយភាពក្នុងការគាំទ្រលោកក្នុងវិស័យភាពយន្ត K-drama ពីសំណាក់ទស្សនិកជនទូទាំងអាស៊ីគឺកើនមិនថមថយនោះទេ។
ទោះជាយ៉ាងណា ងាកមកមើលអំពីជីវិតឯកជនក្នុងរឿងស្នេហារបស់តារាប្រុសរូបនេះវិញម្ដង ឈានចូលក្នុងឆ្នាំ ២០២៣ នេះ តារាសម្ដែងប្រុស Lee Min-ho បានកំពុងធ្វើឱ្យក្រុមអ្នកគាំទ្ររបស់លោកជាច្រើនផ្តោតការតាមដានខ្លាំង ក្រោយពីលោកមានព័ត៌មានចចាមអារ៉ាមថាលួចលាក់ភ្ជាប់ពាក្យដោយសម្ងាត់។
យ៉ាងណាមិញ ក្នុងនោះមានតារាសម្ដែងស្រីចំនួន ២ រូបគឺ Kim Go Eun និង Goo Hye Sun ដែលបានមានពត៌មានចចាមអារ៉ាមថាស្នេហាឈានដល់ការចូលរោងការជាមួយនឹង Lee Min-ho ដោយលើកយករូបចិញ្ចៀនគូស្នេហ៍ពាក់មានម៉ូដស្រដៀងគ្នា។
ថ្វីដ្បិតថាមានព័ត៌មានបានចុះផ្សាយព្រាងព្រាតអំពីរឿងចចាមអារ៉ាមនេះក៏ដោយ ក៏មិនមានណាម្នាក់អាចមកបញ្ជាក់បានថានេះជាការពិតប្រាកដនោះឡើយ៕