Ahreum អតីតសមាជិក T-ara ធ្វើឱ្យមហាជនផ្ទុះកំហឹង ក្រោយលេចឮថា នាងលែងប្តីចោលកូន ទៅរៀបការគូថ្មី
ថ្មីៗនេះ រឿងរ៉ាវបញ្ហាគ្រួសាររបស់តារាស្រី Ahreum អតីតសមាជិក T-ara កំពុងក្លាយជាប្រធានបទក្តៅនៃភាពចម្រូងចម្រាស ដោយសារតែនាងបានប្រកាសលែងលះស្វាមីដែលរៀបការនឹងគ្នា ៤ ឆ្នាំ ហើយទៅរៀបការជាមួយនឹងគូស្នេហ៍ថ្មី។
ទោះយ៉ាងណាក៏ដោយ តារាស្រីរូបនេះបានចេញមកបញ្ជាក់ថា នាងមិនបានមានទំនាក់ទំនងស្នេហា និង មានផ្ទៃពោះជាមួយនឹងមិត្តប្រុសថ្មី ដូចដែលពាក្យចចាមអារ៉ាមបានផ្សាយនៅលើបណ្តាញសង្គមនោះឡើយ។
មកទល់នឹងពេលនេះ Ahreum នៅតែទទួលបានការរិះគន់ ចំពោះការទម្លាយថា នាងបានដើរចេញមិនមើលថែកូនប្រុសទាំងពីររបស់នាង ដើម្បីពន្លឿនដំណើរការលែងលះឱ្យលឿន ដោយកូនច្បងមានអាយុ ៣ឆ្នាំ និង កូនពៅ មានអាយុទើប ១ឆ្នាំប៉ុណ្ណោះ។
សម្រាប់រឿងអាស្រូវនេះដែរ បានធ្វើឱ្យមហាជនមានការខឹងសម្បារលើ Ahreum ជាខ្លាំង ដោយសារតែនេះជារឿងមួយដែលមិនធ្លាប់មានពីមុនក្នុងវិស័យកម្សាន្ត K-Pop។ អតីតសមាជិករូបនេះ បានទទួលការរិះគន់ជាច្រើនថា នាងលួចលាក់មានស្នេហាថ្មី ទាំងមិនទាន់លែងលះគ្នាដាច់ស្រេច។
បើទោះជា Ahreum បានបង្ហោះសារបកស្រាយចុងក្រោយនៅលើ Instagram ថា៖ «មិនមែនដោយសារខ្ញុំបានជួបអ្នកថ្មីហើយសុំលែងលះស្វាមីនោះទេ។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា ខ្ញុំបានស្នើសុំលែងលះជាយូរមកហើយ មុនពេលខ្ញុំស្រឡាញ់គ្នាជាមួយនឹងមិត្តប្រុសថ្មីរបស់ខ្ញុំទេ»។ យ៉ាងណាក៏ដោយ ការបកស្រាយរបស់ Ahreum មិនអាចបញ្ឈប់ការបញ្ចេញមតិអវិជ្ជមានលើនាងបាននោះឡើយ៕