ផ្អេីលហ្វេសប៊ុក! ស្ងាត់ៗថៅកែពេជ្រ ទ្រី ដាណា ប្រកាសថានឹងត្រឡប់មកវិញជាមួយនឹងភាពសីងហ្គលម្តងទៀតឆាប់ៗ
បើគិតមកដល់ពេលនេះ រយៈពេលជិត ៤ ខែមកហើយ ដែលថៅកែពេជ្រ ទ្រី ដាណា បានបញ្ចប់ឈ្មោះជាមេម៉ាយរៀបការនឹងកំលោះរូបសង្ហាជាសិល្បករមួយរូប គឺលោក រស់ រាជ្ជសាល កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ។ ក្រោយពីរៀបការមង្គលការយ៉ាងអធិកអធម និង ប្តូរងារពីគូដណ្តឹងទៅជាស្វាមីភរិយាពេញច្បាប់ហើយ ថៅកែពេជ្រ ទ្រី ដាណា និង ស្វាមី ក៏តែងបង្ហាញការរស់នៅយ៉ាងមានសុភមង្គលជាប្រចាំ ដោយមានស្វាមីយកចិត្តទុកដាក់មើលថែជានិច្ច។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារជាបន្តបន្ទាប់ ដោយតាមរយៈសារទាំងនោះអ្នកនាងហាក់ចង់បង្ហាញពីរឿងរ៉ាវក្នុងគ្រួសារ ពិសេសគឺជីវិតគូរបស់អ្នកនាង ដែលទំនងជាកំពុងមានបញ្ហាខ្លះៗ។ ក្នុងសារជាច្រើននោះ មានសារមួយដែលអ្នកនាងបង្ហាញថាចង់ត្រឡប់មក Single វិញ ធ្វើឱ្យអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង។
សារនោះ ថៅកែពេជ្រ ទ្រី ដាណា រៀបរាប់ថា ៖ «ខ្ញុំនឹងត្រឡប់មកវិញ ជាមួយនឹងងភាពសីងហ្គលម្តងទៀតឆាប់ៗនេះ កន្លែងណាមិនផ្តល់តម្លៃឱ្យខ្ញុំ ខ្ញុំមិននៅយូរទេ»។ ការបង្ហោះជាសាធារណៈបែបនេះ បានធ្វើឱ្យអ្នកគាំទ្រថៅកែពេជ្រ ទ្រី ដាណា ចូលទៅបញ្ចេញមតិព្រោងព្រាតបង្ហាញការលើកទឹកចិត្ត និង ទទូចសុំឱ្យអ្នកនាងបន្តធ្វើស្ត្រីរឹងមាំ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាបង្ហោះក្នុងភាពស្រពេចស្រពិលមួយប៉ុណ្ណោះ ហើយពាក្យថាសីងហ្គលម្តងទៀតឆាប់នោះ ក៏មិនទាន់មានការបញ្ជាក់ពីអ្នកនាងថាយ៉ាងណានៅឡើយដែរ៕