គំនូរអប្សរាមានក្បាលនាគគូរក្នុងថ្ងៃចូលឆ្នាំខ្មែរនៅអូស្ត្រាលី ស្នាដៃវិចិត្រករខ្មែរនឹងដាក់ដេញថ្លៃលើអនឡាញនៅថ្ងៃទី ២២ នេះ
លោក ហ៊ុន សុភ័ក្ត្រ ត្រូវបានគេស្គាល់ថាជាសិល្បករគំនូរពហុជំនាញដ៏ល្បីកំពុងរស់នៅលើទឹកដីអូស្ត្រាលី។ កន្លងមកលោកបានធ្វើឱ្យអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសិល្បៈគំនូរខ្មែរ ដោយលោកបានគូររូបនៅលើអគារ PCYC ស្ថិតលើផ្លូវ McBurney ប្រទេសអូស្ត្រាលី ដែលមានបង្ហាញពី ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ របាំអប្សរា របាំសុវណ្ណមច្ឆា ល្ខោនស្បែកធំ និងផ្ការំដួល ជាដើម។
យ៉ាងណាមិញ ថ្មីៗនេះអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ វិចិត្រករ ហ៊ុន សុភ័ក្ត្រ បានឆ្លៀតបញ្ចេញស្នាដៃនៅក្នុងវត្តខ្មែរមួយនៅប្រទេសអូស្ត្រាលី ដោយលោកបានបង្ហាញការគូររូបផ្ទាល់នៅថ្ងៃមហាសង្ក្រាន្តដើម្បីជាការអបអរថ្ងៃចូលឆ្នាំថ្មី។ ជាមួយគំនូរមួយផ្ទាំងធំលោកបានគូរបង្ហាញពីរបាំអប្សរា និង នាគ អមដោយក្បាច់ខ្មែរដ៏ល្អវិចិត្រ។
តាមរយៈទំព័រហ្វេសប៊ុក Khmer Community of NSW-សហគមន៍ខ្មែររដ្ឋញូវសោធវែលបានបង្ហោះឱ្យដឹងថា គំនូរមួយផ្ទាំងធំគូរដោយ វិចិត្រករ ហ៊ុន សុភ័ក្ត្រ នេះ នឹងដាក់ដេញថ្លៃជាសាធារណៈលើអនឡាញ ឬ អ៊ីនធ័រណែតនៅថ្ងៃទី ២២ ខែមេសានេះ ដោយផ្តើមតម្លៃចាប់ពី ៥០០ ដុល្លារ៕