ឃុំ ប៉ុណ្ណាដែត ហួសចិត្ត ពាក្យ «តារា» អ្នកណាៗក៏ហៅបាន សូម្បីតែលើ សុខា
នៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកនូវសារមួយរបស់លោក គួច ខេវិន អ្នកផលិតកម្មវិធីដ៏ល្បី ពាក់ព័ន្ធពីការលើកឡើងពាក្យ «តារា»។ ក្នុងនោះ លោក គួច ខេវិន បានដាក់ផាំងៗរឿងអ្នកចូលចិត្តបង្អួតកេរ្តិ៍ឪម៉ែ ហើយតាំងខ្លួនជាតារា ឈប់បានឈប់ទៅកុំនាំឱ្យខូចតារាពិតប្រាកដ។
យ៉ាងណា សារនោះដែរ ត្រូវបានមហាជនចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកគាំទ្រ ដោយក្នុងនោះ ក៏មានលោក ឃុំ ប៉ុណ្ណាដែត មួយរូបផងដែរ។ ជាក់ស្តែង លោក ឃុំ ប៉ុណ្ណាដែត បានចែករំលែកសាររបស់លោក គួច ខេវិន ព្រមទាំងសរសេរសារហួសចិត្តនឹងពាក្យ «តារា» អ្នកណាៗក៏អាចប្រើបាន សូម្បីតែ សុខា។
តាមរយៈសារនោះ លោក ឃុំ ប៉ុណ្ណាដែត បានរៀបរាប់ថា៖ «ពាក្យថា តារា គេខំការពារកេរ្តិ៍ឈ្មោះណាស់! គេមិនដែលបើកចំហ ឬហែកខ្លួនឯងទេ។ ខ្ញុំសូមសំណូមពរបងប្អូន និង អ្នកសារព័ត៌មានទាំងអស់ មុននឹងឱ្យតម្លៃតួណាម្នាក់ ឬក៏អ្នកចម្រៀងណាម្នាក់ជាតារា សូមជួយគិតផង ថាគាត់ស្ថិតក្នុងលំដាប់ណា? បើមិនដូច្នោះទេ គឺខូចតារារៀមច្បងចាស់ៗ និង តារា ដែលគេខំសាងប្រជាប្រិយភាពអស់ហើយ។ ខ្ញុំសូមអស់យោបល់ត្រឹមហៅ សុខា ជាតារាដែរ»៕