ជីវិតថ្លៃ! រៀបនឹងគិតខ្លី តែឆ្លៀតកុម៉្មង់អាហារមកញ៉ាំលើកចុងក្រោយ ប៉ូលិសដឹងក៏បន្លំធ្វើអ្នកដឹកចូលទៅជួយភ្លាម
បណ្តាញសង្គមចិន កំពុងផ្ទុះសរសើរប៉ូលិសក្មេងមួយរូប ដែលបន្លំខ្លួនចូលទៅលួងលោមបុរសគិតខ្លីម្នាក់ ក្រោយពីគេបានកុម៉្មង់អាហារមកទទួលទានអាហារជាលើកចុងក្រោយ។
តាមព័ត៌មានបានឱ្យដឹងថា មានអ្នកដឹកជញ្ជូនអាហារម្នាក់នៅក្រុងសានតុង បានទទួលការកុម្ម៉ង់ពីភ្ញៀវម្នាក់ដែលមើលទៅគួរឱ្យសង្ស័យ ព្រោះក្នុងការកុម្ម៉ង់នោះបានកុម្ម៉ង់យកទៅដំបូលអគារមួយកន្លែង ហើយបានសរសេរមកថា នេះគឺជាអាហារចុងក្រោយរបស់ខ្ញុំហើយ ដូច្នេះហើយខ្ញុំចង់ឱ្យវាក្លាយជាអាហាដែលឆ្ងាញ់ឆ្អែតពេញពោះ។
អ្នកដឹកជញ្ជូនរូបនេះ ហាក់មិនស្រួលចិត្តឡើយ ក៏បានប្រញាប់ទៅប្តឹងប៉ូលិសភ្លាមៗ ឯប៉ូលិសក៏បាននាំគ្នារៀបចំផែនការយ៉ាងទាន់ចិត្ត ដោយបានឱ្យប៉ូលិសក្នុងក្រុមវ័យ ២៤ ឆ្នាំម្នាក់ បន្លំខ្លួនធ្វើជាអ្នកដឹកជញ្ជូន ដើម្បីចូលទៅជួបបុរសរូបនោះ មុននឹងគេគិតខ្លីនឹងសម្លាប់ខ្លួន។ យ៉ាងណាមិញ ខណៈកំពុងតែធ្វើដំណើរទៅនោះ ខាងបុរសគិតខ្លីក៏បានខលមកសួរនាំរឿងកុម្ម៉ង់ ហើយប៉ូលិសខាងលើក៏បានតបទៅដោយរលូន ដោយមិនធ្វើឱ្យមានការសង្ស័យអ្វីឡើយ។
ដោយឡែក ពេលដែលទៅដល់ដំបូលអគារហើយ ប៉ូលិសក៏បន្លំនិយាយរហូតមានឱកាសល្អ ក៏ក្រសោបឱបបុរសខាងលើទាញគេមកទីកន្លែងសុវត្ថិភាព រួចក៏បានលួងលោមទាល់តែគេស្ងប់អារម្មណ៍។ យ៉ាងណាមិញ តាមពិតទៅបុរសរូបនេះបានឈ្លោះទាស់ទែងជាមួយឪពុកម្តាយ ទើបមកកុម្ម៉ង់អាហារដោយគិតថានឹងហូបហើយក៏សម្លាប់ខ្លួន តែក្រោយពីគេស្ងប់អារម្មណ៍ គ្រួសារក៏មកទទួលទៅផ្ទះវិញបាត់ទៅ៕