ខួបរៀបការ ៦ ឆ្នាំ ប្រពន្ធ នាយចយ សរសើរប្ដីជាបុរសស្អាតទាំងរូបកាយ និង បេះដូង ជាចំណែកខ្វះមិនបានក្នុងជីវិត
ភ្លេចៗត្រចៀក អស់រយៈពេល ៦ ឆ្នាំហើយ ដែលតារាកំប្លែង នាយចយ បានកាន់ដៃភរិយាបណ្ដូលចិត្តចូលរោងការតាមប្រពៃណី ដោយក្នុងរយៈពេលរួមរស់ជាប្ដីប្រពន្ធប៉ុន្មានឆ្នាំមកនេះ អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់ ហើយរស់នៅស្រឡាញ់ផ្អែមល្ហែមចំពោះគ្នាប្រកបដោយសុភមង្គល។
នៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ៦ ឆ្នាំ ប្រពន្ធ នាយចយ ក៏បានបង្ហោះសាររៀបរាប់ពីសេចក្ដីស្រឡាញ់ និង ភាពកក់ក្ដៅដែល នាយចយ ជាស្វាមី បានផ្ដល់ឱ្យនាង និង កូនប្រុសកន្លងមក គឺពេញលេញមិនដែលខ្វះចន្លោះឡើយ។ លើសពីនេះ អ្នកនាងថែមទាំងបានលើកសរសើរពីស្វាមីដោយក្ដីពេញចិត្តថា នាយចយ គឺជាមនុស្សម្នាក់ដែលស្អាតទាំងរូបកាយ និង បេះដូងថែមទៀតផង។
ប្រពន្ធ នាយចយ បានរ៉ាយរ៉ាប់ពីលក្ខណៈសម្បត្តិរបស់ស្វាមីបណ្ដូលចិត្ត បង្ហោះលើគណនីហ្វេសប៊ុកថា ៖ «រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍ ៦ ឆ្នាំរបស់ពួកយើង Benly Joy អរគុណបងដែលរួមដំណើរជីវិតជាមួយអូន បំពេញតួនាទីជាដៃគូជីវិតដ៏ស្មោះត្រង់សម្រាប់អូន បងជាមនុស្សម្នាក់ដែលស្អាតទាំងរូបកាយ ចិត្ត និង បេះដូងពិតមែន បងផ្ដល់តម្លៃឱ្យអូនគ្រប់កាលៈទេសៈ ជាពិសេសពេលអូនខឹង ឆេវឆាវម្ដងៗ ក៏បងមិនដែលតតាំង ចង់ឈ្នះ ឬ ប្រកែកតឹងសរសៃ-កឡើយ… មានច្រើនទៀតដែលរៀបរាប់ពីទង្វើល្អបងមិនអស់ ចង់ប្រាប់បងថា បងជាចំណែកដែលអូនខ្វះមិនបាននោះទេក្នុងជីវិតនេះ 27.02.2024»៕