ចុងភៅណាក់ ទឹកភ្នែករលីងរលោង រៀបរាប់បណ្តាំចុងក្រោយរបស់សាស្ត្រាចារ្យប្រវត្តិសាស្ត្រមុនលោកអនិច្ចកម្ម
ការបាត់បង់ សាស្ត្រាចារ្យប្រវត្តិសាស្ត្រជាតិខ្មែរ លោក សំបូរ មាណ្ណារ៉ា គឺជាការបាត់បង់ធនធានដ៏កម្រ និងមានតម្លៃបំផុតរបស់កម្ពុជា។ ជាមួយដំណឹងដ៏ក្រៀមក្រំនេះ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ក៏ដូចជាមហាជាច្រើន បានបង្ហាញពីការសោកស្តាយដោយសរសេរសាររំលែកទុក្ខជាច្រើនហូរហែនៅលើបណ្តាញសង្គម។ ក្នុងនោះដែរ អ្នកនាង រស់ រតនៈ ដែលគ្រប់គ្នាស្គាល់ថា ចុងភៅណាក់ ជាចុងភៅស្រីល្បីល្បាញដំបូងរបស់កម្ពុជា ក៏បានបង្ហោះសាររៀបរាប់អំពីបណ្តាំចុងក្រោយរបស់ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដែលផ្តំាផ្ញើទៅកាន់អ្នកនាងមុនពេលលោកលាចាកលោកផងដែរ។
តាមរយៈរូបភាពទឹកភ្នែករលីងរលោងអមនឹងផ្កាមួយជើងពាន អ្នកនាង រស់ រតនៈ បានសរសេររៀបរាប់ថា៖ «លោកគ្រូមិនឱ្យយើងយំដើម្បីក្តីអាណិតជាដាច់ខាត ដូច្នេះកូនសិស្សនឹងបន្តញញឹម។ “មានរឿងច្រើនណាស់ដែលលោកគ្រូចង់ធ្វើជាមួយអា រតនៈ ឯង ដើម្បីផ្សព្វផ្សាយម្ហូប និងកសិផលរបស់ខ្មែរយើង តែលោកគ្រូសុំទៅពេទ្យម្តងទៀតសិន” ០៨ មីនា ២០២៤»។ បណ្តាំរបស់លោកគ្រូជាមួយនឹងអ្វីដែលលោកគ្រូប្រាថ្នាចង់ឃើញម្ហូបខ្មែរយើង កូនសិស្សនៅចាំគ្រប់ពាក្យ។ កូនសិស្សដើរបេះ និងធ្វើភ្នំផ្កានេះសម្រាប់លោកគ្រូ។ ផ្កានីមួយៗគឺតំណាងឱ្យចំនួនម៉ោង ថ្ងៃ ខែ និងឆ្នាំដែលលោកគ្រូបានលះបង់ដើម្បីខ្មែរ។ កូនសិស្សជ្រើសរើសផ្កាដុះតាមផ្លូវ ព្រោះវានឹងប្រែជាមានតម្លៃបើយើងចេះយកវាមកដាក់លើជើងពាន ហើយនេះវាជាអ្វីដែលលោកគ្រូបង្រៀនខ្ញុំ។ កូនសិស្សប្រើជើងពានស្ពាន់ជាទម្រ ដែលបង្ហាញអំពីគ្រឹះដ៏រឹងមាំដែលលោកគ្រូខំប្រឹងប្រែងបន្សល់ទុកឱ្យពួកយើង។ ថ្ងៃទី ៨ មីនា ២០២៤ លោកគ្រូផ្តល់កិត្តិយសឱ្យខ្ញុំចែករំលែកភាពជាស្រ្តីក្នុងកិច្ចការថែរក្សា និងផ្សព្វផ្សាយម្ហូបខ្មែរក្នុងស្រុក និងអន្តរជាតិ ហើយលោកគ្រូផ្តាំថា លោកគ្រូទៅព្យាបាលម្តងទៀតសិន ពេលត្រឡប់មកវិញយើងនឹងចាប់ផ្តើមការងារជាមួយគ្នា។ លោកគ្រូមិនដឹងទេថា ការព្យាបាលលើកនេះវានឹងប្រសើរឬអត់ទេ តែអា រតនៈ ឯងត្រូវតែប្រឹងបន្តការងារមួយនេះឱ្យបាន ទោះលោកគ្រូនៅឬមិននៅក៏ដោយ»។
គួរឱ្យដឹងដែរថា មុនពេលលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានដំណឹងអនិច្ចកម្ម កន្លងទៅមួយរយៈមុន មានការបង្ហោះរូបភាពលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៅឯប្រទេសថៃ លុះមួយរយៈក្រោយមកទៀត ក៏ស្រាប់តែមានដំណឹងថាលោកបានទទួលមរណភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រកាលពីព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៤ កន្លងទៅ៕